ឯកឧត្តម វេង សាខុន ជួបសវនាការជាមួយគណៈប្រតិភូផ្នែកគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់គ្រោះមហន្តរាយនៃក្រសួងផែនការ អភិវឌ្ឍន៍ជាតិ Zambia


នៅរសៀលថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៧ នៅទីស្តីការក្រសួង ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសវនាការជាមួយគណៈប្រតិភូផ្នែកគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់គ្រោះ មហន្ត រាយនៃក្រសួងផែនការ អភិវឌ្ឍន៍ជាតិ Zambia ដឹកនាំដោយលោកស្រី AuxiliaPonga លេខាអចិន្រ្តៃយ៍ លើការងារ ត្រួតពិនិត្យនិងវាយតម្លៃ ក្នុងគោលបំណងជួបពិភាក្សា និងផ្លាស់ប្តូរចំណេះដឹងនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបានស្វាគមន៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូប្រទេស Zambia ដែលបានទស្សនៈកិច្ចនិងស្វែងយល់ពី វិស័យកសិកម្ម ព្រមទាំងផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុលើវិស័យកសិកម្មនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តីបាន ជម្រាបជូនពីសារៈសំខាន់នៃវិស័យកសិកម្មដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការធានាសន្តិសុខ ស្បៀង ដែលមានចែងយ៉ាងច្បាស់ នៅក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថានភាពពីវិស័យកសិកម្ម បច្ចុប្បន្ន រួមមានផលិតកម្ម ដំណាំ ផលិតកម្មសត្វ ផលិតផលនេសាទកៅស៊ូ និងព្រៃឈើ។ ឯកឧត្តមក៏បានជម្រាបផង ដែរ អំពីផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុដូចជាគ្រោះរាំងស្ងួត ទឹកជំនន់មកលើផលិតកម្មកសិកម្ម ឆ្លើយតបទៅនឹងបញ្ហានេះ ក្រសួងបានដាក់ចេញនូវ “ផែនការសកម្មភាព អាទិភាពក្នុងវិស័យកសិកម្ម ដើម្បីទប់ទល់នឹងការបម្រែបម្រួលអាកាសធាតុ ២០១៦-២០២០” លើផ្នែកកសិឧស្សហកម្ម ដំណាំ កៅស៊ូ ផលិតកម្មសត្វ ជលផល និងព្រៃឈើ បន្ថែមពីនេះ ក៍បានជម្រាបផងដែរថាក្រសួងបាននិងកំពុង សិក្សាស្រាវជ្រាវលើពូជដំណាំ និងពូជសត្វ ព្រមទាំងបច្ចេកវិទ្យាថ្មីៗ សម្រាប់បន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ។
លោកស្រី AuxiliaPonga បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួងដែលបានឆ្លៀតពេលដ៏មានតម្លៃដែលអនុញ្ញាតឲ្យគណៈប្រតិភូរបស់លោកស្រីចូលជួបសម្តែងការគួរសម និងពិភាក្សា ផ្លាស់ប្តូរចំណេះដឹងលើវិស័យកសិកម្ម និងផលប៉ះពាល់នៃការបម្រែបម្រួលអាកាសធាតុលើផលិតកម្មកសិកម្ម។ លោកស្រីបានជម្រាបផងដែរអំពីស្ថានភាពពីវិស័យកសិកម្ម ព្រមទាំងស្ថានភាពអាកាសធាតុនៅប្រទេស Zambia ដែលមានលក្ខណៈស្រដៀងនឹងប្រទេសកម្ពុជាផងដែរ។ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើវិស័យកសិកម្ម ជាពិសេស ការងារសហគមន៏ជលផល សហគមន៍ព្រៃឈើ និងផលិតកម្មស្រូវដែលកម្ពុជាធានាបាននូវសន្តិសុខស្បៀង និងសល់ស្រូវសម្រាប់នាំចេញ ព្រមទាំងការជម្រុញការនាំចេញកសិផលបន្ថែមទៀត ផ្អែកលើគោលនយោយបាយអភិឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជាឆ្នាំ២០១៥-២០២៥។ លោកស្រីសង្ឃឹមថានឹងបានរៀនសូត្រនិងទទួលបានបទពិសោធន៍ល្អៗជា ច្រើនទៀតលើការងារកសិកម្ម និងយុទ្ធសាស្រ្តទប់ស្កាត់និងបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុ តាមរយៈការទស្សនៈ កិច្ចរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ ឯកឧត្តមរដ្ឋមន្រ្តីបានកោតសរសើរនិងវាយតម្លៃខ្ពស់លើការរីកចម្រើននៃ ប្រទេស Zambia ហើយប្រទេសទាំងពីរគួររៀនសូត្រលើការងារកសិកម្មនិងយុទ្ធសាស្រ្តទប់ស្កាត់និងបន្ស៊ាំការបម្រែបម្រួលអាកាស ធាតុពីគ្នាទៅវិញទៅមកនាពេលខាងមុខ។