ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អនុញ្ញាតអោយ នាយកប្រតិបត្តិនៃក្រុមហ៊ុន GroGenesisនៃសហរដ្ឋអាមេរិក និង ប្រធានក្រុមហ៊ុន Curewel International Co., Ltd ចូលសម្តែងការគួរសម


ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧ នៅវេលាម៉ោង៣៖៣៥ រសៀល នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក៏បានអនុញ្ញាតអោយ លោក Richard Kamolvathin នាយកប្រតិបត្តិនៃក្រុមហ៊ុន GroGenesisនៃសហរដ្ឋអាមេរិក និងលោក Sandeep Majumdar ប្រធានក្រុមហ៊ុន Curewel International Co., Ltd ចូលសម្តែងការគួរសម និងជម្រាបពីវឌ្ឍនភាពនៃការធ្វើកសិកម្មសរីរាង្គ និងអាហារូបត្ថម្ភ ដែលក្រុមហ៊ុនទាំងពីរបានរួមគ្នាសហការជាមួយវិស័យឯកជននៅកម្ពុជា។យោងតាមការរាយការណ៍របស់លោក Richard Kamolvathin បានអោយដឹងថា ក្រុមហ៊ុនរបស់លោកមានបច្ចេកវិទ្យាទំនើបដែលមិនពឹងពាក់លើការប្រើប្រាស់ជាតិគីមីក្នុងការធ្វើកសិកម្ម ពោលគឺផ្តោតលើការប្រើប្រាស់ជីវវិទ្យាដើម្បីបង្កើនរស្មីសំយោគនៃដំណាំដោយត្រូវចំណាយតែ ៥០០មីលីលីត្រប៉ុណ្ណោះ ក្នុងមួយហត។ ទន្ទឹមនឹងនេះ លោក Richard Kamolvathin ក៏មានបញ្ជាក់ផងដែរថា បន្លែ ផ្លែឈើដែលបានដាំដោយបច្ចេកវិទ្យារបស់លោកត្រូវបានសហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ទទួលស្គាល់ថាជាម្ហូបអាហារដែលមានសុវត្ថិភាព និងអាហារូបត្ថម្ភខ្ពស់។