ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ​ អញ្ជើញ​ដឹកនាំមន្ត្រី​បច្ចេកទេស​ ​ចុះពិនិត្យវឌ្ឍនភាព​គម្រោង​រំដោះ​ទឹក និង​ពង្វាងទឹក​ចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ​


នៅថ្ងៃអាទិត្យ ១០រោច ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ ក្នុងនាម​តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រី​បច្ចេកទេស​ អញ្ជើញចុះពិនិត្យវឌ្ឍនភាព​គម្រោង​រំដោះទឹក​ និង​ពង្វាង​ទឹក​ចេញ​ពីភូមិសាស្ត្ររាជធានីភ្នំពេញ​ ក្នុងតំបន់សាក់សំពៅ។​

ក្នុងឱកាសនោះ​ ឯកឧត្តម​រដ្ឋលេខាធិការ​ បានអញ្ជើញ​ចុះ​ពិនិត្យជាក់ស្តែង​ និងជំរុ​ញសកម្មភាពការងារដ៏សកម្មក្នុងការដ្ឋានសាងសង់ស្ថានីយបូមទឹកអន្លង់គង់​ ​និងស្ថានីយបូមទឹកសាក់សំពៅ ក្នុង​សង្កាត់សាក់សំពៅ​ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​

ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់ថា ស្ថានីយទាំងពីរ​នេះ​ជាប្រភេទស្ថានីយបូមទឹកខ្នាតធំ និង​ទំនើប ដែល​មានសក្តានុពល​ក្នុងការស្រូបយកទឹកក្នុងបរិមាណច្រើន​ ដើម្បី​នាំ​ទឹកទាំងអស់ចេញ​ពីរាជធានីភ្នំពេញតាមច្រកជើងឯក​ ទៅកាន់​អាងទន្លេមេគង្គបានយ៉ាងឆាប់រហ័ស៕