គណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្តប៉ៃលិន ប្រជុំពិនិត្យវឌ្ឍនភាពការរៀបចំធ្វើសង្រ្កាន្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ


លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការរៀបចំបុណ្យជាតិ និងអន្តរជាតិខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យវឌ្ឍនភាព ការរៀបចំធ្វើសង្រ្កាន្តប៉ៃលិន នាពេលខាងមុខនេះ ដើម្បីបង្កបរិយាកាស សប្បាយរីករាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងក្រៅខេត្ត មកលេងកម្សាន្តនៅខេត្តប៉ៃលិន នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ប្រកបដោយបរិយាកាសសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆាប់ៗខាងមុននេះ រដ្ឋបាលខេត្តបានគ្រោងរៀបចំសង្ក្រាន្តប៉ៃលិន ឱ្យបានអធិកអាធមសម្រាប់ប្រជាពលរដ្ឋបានចូលរួមលេងកម្សាន្តសប្បាយ ដោយមានកម្មវិធីជាច្រើនរួមមាន៖ កម្មវិធីតាមបែបសាសនាការលេងល្បែងប្រជាប្រិយខ្មែរ ការប្រគុំតន្ត្រីខ្នាតធំរាំលេងកម្សាន្ត និងការដាក់តាំងពិព័រណ៌ផលិតផល នៅតាមទីតាំងសំខាន់ៗមួយចំនួនក្នុងខេត្ត សំដៅធ្វើយ៉ាងណាទាក់ទាញចំណាប់អារម្មណ៍ពីមហាជនទាំងក្នុងខេត្ត និងក្រៅខេត្តមកលេងកម្សាន្តនៅខេត្តឱ្យបានច្រើនកុះករ។

លោកជំទាវបណ្ឌិតអភិបាលខេត្ត បានណែនាំដល់អភិបាលក្រុង-ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងកងកម្លាំងទាំង ៣ប្រភេទ ត្រូវសហការគ្នាត្រៀមចូលរួមរៀបចំ  តាមតួរនាទីភារៈកិច្ចប្រកបដោយការទទួល ខុសត្រូវខ្ពស់ តាមសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងាររៀបចំព្រឹត្តិការណ៍សង្រ្កាន្តប៉ៃលិន ជាពិសេសត្រូវធ្វើការតុបតែង លម្អភ្លើងពណ៌នៅតាមសួនច្បារ តាមអង្គភាព និងទីសាធារណៈឱ្យមានសោភ័ណភាព ហើយនៅគ្រប់វត្តអារាម និងតំបន់ទេសចរណ៍ផ្សេងៗត្រូវរៀបចំកន្លែង និងទីធ្លាឱ្យបានស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្តដូចជា៖ រមណីយដ្ឋានបេតិកភ័ណ្ឌវប្បធម៌ប្រវត្តិសាស្ត្រភ្នំយ៉ាត រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ដងស្ទឹងប៉ៃលិន និងបរិវេណវិមានឯករាជ្យខេត្តជាដើម។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានផ្តាំផ្ញើដល់រដ្ឋបាលក្រុងស្រុក កងកម្លាំងមានសមត្ថកិច្ចទាំង៣ប្រភេទ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្ររបស់ខ្លួន ទទួលខុសត្រូវឱ្យបានល្អប្រកបដោយប្រសិទ្ធភាពបំផុត ដោយធ្វើយ៉ាងណាត្រូវរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ នៅគ្រប់គោលដៅជាពិសេសនៅតាមទីវត្តអារាម កន្លែងកម្សាន្ត រមណីយដ្ឋានទេសចរណ៍នានា និងកន្លែងប្រមូល ផ្តុំមនុស្សច្រើនផងដែរ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ខាងមុខនេះ  គឺនឹងប្រព្រឹត្តិទៅរយៈពេល ៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣-១៤-១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានទេពធីតា ព្រះនាម ព្រះនាមគោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អភរណទ្រង់ពាក់ កែវមុតាភក្សាហារទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នងស្ដេចខ្លា ជាពាហនៈ៕