ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត និងឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប បារាំង អាលឺម៉ង់ នឹងអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវប្រវែងជាង៩២គីឡូម៉ែត្រ ក្នុងខេត្តកំពង់ធំ នៅថ្ងៃទី៣១ ខែមីនាខាងមុខ


(ភ្នំពេញ)៖ តាមការគ្រោងទុកនៅថ្ងៃច័ន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ប្រវែង ៩២,៩០០គីឡូម៉ែត្រ នៅក្នុងខេត្តកំពង់ធំ។

ពិធីនេះនឹងមានការចូលរួមពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តមឯកអគ្គរដ្ឋទូតចំនួន៣គឺ៖ ឯកឧត្តម Igor DRIESMANS ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំងប្រចាំកម្ពុជា និងឯកឧត្តម Stefan MESSERER ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា។

គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង មានប្រវែង ៩២,៩០០គីឡូម៉ែត្រ ខាងលើនេះ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (Rural Infrastructure Development for Cambodia Program) ហៅកាត់ថា RID4CAM ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងមូលនិធិសហភាពអឺរ៉ុប (EU/AIF)។

សូមបញ្ជាក់ថា គម្រោងសាងសង់ផ្លូវដែលមានប្រវែងសរុប ៩២,៩០០គីឡូម៉ែត្រនេះ ចែកចេញជា ១២ខ្សែ ដែលជាប្រភេទផ្លូវប្រើប្រាស់បានគ្រប់រដូវកាល និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយមិនហុយដីនៅរដូវប្រាំង និងមិនរអិល និងបែកភក់នៅរដូវវស្សា៕