(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបប្រតិភូសមាគមជប៉ុន-កម្ពុជា ដឹកនាំដោយលោក TAKAHASHI Fumiaki ប្រធាន សមាគមជប៉ុន-កម្ពុជា នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នាទីស្តីការក្រសួង។
ក្នុងជំនួប លោក TAKAHASHI Fumiaki បានវាយតម្លៃខ្ពស់ចំពោះ ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានខិតខំប្រឹងប្រែងទាក់ទាញនិងគាំទ្រការវិនិយោគ ឆ្លើយតបនឹងគោលនយោបាយយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ដើម្បីឆ្ពោះទៅសម្រេចបានគោលដៅការអភិវឌ្ឍដោយចីរភាព។
ឯកឧត្តមបណ្ឌិត អ៊ាង បានលើកឡើងពី គោលបំណងសំខាន់ ក្នុងឱកាសជួបជាមួយលោករដ្ឋមន្រ្តី ដើម្បីស្វែងយល់ពីឱកាសនៃការវិនិយោគនៅកម្ពុជា។ ទន្ទឹមនេះលោកបានលើកឡើងថា នឹងមានក្រុមហ៊ុន ក៏ដូចជាសប្បុរសជនជប៉ុនជាច្រើនទៀត នាំយកមកនូវបច្ចេកវិទ្យា និងការគាំទ្រដល់កម្ពុជា ដែលចូលរួមលើកកម្ពស់ការងារដល់ប្រជាពលរដ្ឋ និងការការពារបរិស្ថានផងដែរ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគម JCA ដែលបានចូលរួមចំណែក ក្នុងការជំរុញឱ្យមានអ្នកវិនិយោគជប៉ុនមកកាន់កម្ពុជា និងបានគាំទ្រដល់កម្ពុជា ឆ្ពោះទៅការអភិវឌ្ឍប្រកបដោយចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឱ្យសមាគម ក៏ដូចជាអង្គការដៃគូ បន្តផ្តល់ការគាំទ្រ ដល់ការអភិវឌ្ឍជីវភាពរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធនធានធម្មជាតិ ដើម្បីធានាឱ្យបាននូវលំនឹងសេដ្ឋកិច្ចគ្រួសារ តាមរយៈប្រាក់ចំណូលប្រចាំថ្ងៃ ពីមុខរបរបន្ថែម ដែលបានមកពីការវិនិយោគផ្ទាល់ និងការវិនិយោគបៃតង ដែលជាគោលដៅចម្បងឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីរភាព៕