សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានឱ្យភាគីពាក់ព័ន្ធត្រូវបន្តជំរុញកិច្ចសហប្រតិបត្តិការតំបន់ លើការងារជំងឺមិនឆ្លង តាមរយៈ ការសន្ទនា ការលើកកម្ពស់ការយល់ដឹងជាសាធារណៈ ការចែករំលែកចំណេះដឹង និងការអនុវត្តសកម្មភាពរួម។
តាមសម្តេចប្រធានរដ្ឋសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ដែលយកប្រជាជនជាស្នូល កម្ពុជាត្រូវកសាងសង្គមអាស៊ាន ដែលប្រជាជនមានចំណេះដឹង សមត្ថភាព និងសុខភាពល្អ។ ក្នុងន័យនេះ កម្ពុជាត្រូវជំរុញកិច្ចសហប្រតិបត្តិការ ការបែងចែកធនធាន និងកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីលើកកម្ពស់សន្តិសុខសុខភាពតំបន់ និងសាកល។
ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា បានធ្វើឡើងក្នុងពិធីបើកសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី «បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖ គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន » ដែលប្រារព្ធធ្វើនៅវិមានរដ្ឋសភា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ម្សិលមិញនេះ។
បន្ថែមលើនោះ សម្តេច ក៏បានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវកសាងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធថែមទៀត រវាងស្ថាប័នជាតិ ស្ថាប័នអនុតំបន់ តំបន់ និងសាកល ដូចអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ បានសរបញ្ជាក់ច្បាស់ពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងអន្តរស្ថាប័ន អន្តរសភា និងដៃគូអភិវឌ្ឍន៍ចម្រុះ។ អាស៊ានត្រូវធ្វើកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ជាមួយស្ថាប័នតំបន់ និងស្ថាប័នសាកលនានា ដូចជា វេទិកា សមាជិកសភាអាស៊ី ស្តីពីប្រជាជន និងការអភិវឌ្ឍ (AFPPD) អង្គការសុខភាពពិភពលោ ក (WHO) មជ្ឈមណ្ឌល សភាអាស៊ី (PCAsia) ជាដើម ដើម្បីកសាងភាពជាដៃគូដ៏រឹងមាំ ហើយធន់ ក្នុងការដោះស្រាយបញ្ហាជំងឺមិនឆ្លង។
សម្តេចប្រធានរដ្ឋសភា បានណែនាំឱ្យរកដំណោះស្រាយជាប្រព័ន្ធ និងមាននវានុវត្តន៍ ដោយផ្តោតលើការជំរុញកិច្ចសហប្រតិបត្តិការសាកល ការវិនិយោគលើការស្រាវជ្រាវ និងការប្រមូលទិន្នន័យវិទ្យាសាស្រ្ត និងការធ្វើសមាហរណកម្មជំងឺមិនឆ្លង ក្នុងប្រព័ន្ធថែរក្សាសុខភាពបឋម ហើយត្រូវយកចិត្តទុកដាក់ខ្ពស់ លើការកៀគរធនធានហិរញ្ញវត្ថុឱ្យមាននិរន្តរភាព និងការប្រើប្រាស់វិធានអន្តរវិស័យ។
ឆ្លៀតនាឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានគូសរំលេចថា ប្រជាពលរដ្ឋកម្ពុជាទាំងអស់គ្នា ត្រូវលើកកម្ពស់គោលនយោបាយ និងជំរុញឥរិយាបថ រស់នៅដោយមានសុខភាពល្អ និងលុបបំបាត់ជាអតិបរមា នូវដើមចមសង្គម ដែលបង្កឱ្យមានជំងឺមិនឆ្លង៕



