នាព្រឹកថ្ងៃអង្គារ ទី១ ខែមេសា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានកិត្តិយស បានរៀបចំវគ្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីបរិវត្តកម្មឌីជីថលជូនថ្នាក់ដឹកនាំក្រសួង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
ឯកឧត្ដមរដ្ឋមន្ដ្រី បានបញ្ជាក់ថា សិក្ខាសាលាដែលមានរយៈពេលមួយព្រឹក នាថ្ងៃនេះ មានគោលបំណងដើម្បីផ្តល់ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រី រាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបានការចែករំលែកការយល់ដឹងអំពីវឌ្ឍនភាពនៃ ការងារបរិវត្តកម្មឌីជីថលដែលសម្រេចបានដោយគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ការចាប់យកឱកាសប្រើប្រាស់ ផលិតផលរដ្ឋាភិបាលឌីជីថល (DGPs) ដើម្បីជាប្រយោជន៍សម្រាប់ការអនុវត្តការងារប្រចាំថ្ងៃ និង ទទួលបានព័ត៌មាន អំពីកម្មវិធីបណ្តុះបណ្តាលជំនាញឌីជីថលដែលផ្តល់ដោយវិទ្យាស្ថានអភិបាលកិច្ចឌីជីថលនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍របស់វាគ្មិនជំនាញ ព្រមទាំងបទបង្ហាញស្តីពីការដាក់ចេញនូវអាទិភាពការងារបរិវត្តកម្មឌីជីថលរបស់ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រោមកិច្ចសហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដោយចាំបាច់ត្រូវមានការចូលរួម និងគំនិតផ្តួចផ្តើមរបស់ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំ និង អង្គភាពជំនាញ និង គ្រឹះស្ថានសាធារណៈរដ្ឋបាលក្រោមឱវាទក្រសួងទាំងអស់។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់សាមាជិក សមាជិកា នៃអង្គសិក្ខាសាលា មេត្តាយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការធ្វើបទបង្ហាញរបស់វាគ្មិនជំនាញ ធ្វើការសាកសួរ និង ចូល រួមតិយោបល់ឱ្យបានផុសជុល និង ខិតខំបន្តការសិក្សារៀនសូត្រ អភិវឌ្ឍន៍សមត្ថភាពជំនាញឌីជីថលដែលចាំបាច់ ជា ប្រចាំ តាមអភិក្រមនៃការសិក្សាពេញមួយជីវិត (Life Long Learning) ទាំងអស់គ្នាដើម្បីក្លាយជាពលរដ្ឋឌីជីថល។ សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងប្រមាណ១៤០រូប៕












