ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ផ្តល់អនុសាសន៍គន្លឹះដល់វិស័យកីឡាទូកកម្ពុជា ដើម្បីឆ្ពោះទៅរកសក្តានុពលទាំងថ្នាក់ជាតិ និងអន្តរជាតិ


ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជាគន្លឹះ ក្នុងការឈានឆ្ពោះទៅរកសក្តានុពលទាំងកម្រិតជាតិ និងអន្តរជាតិ ជាពិសេសពង្រឹងធនធានអត្តពលិកត្រៀមប្រកួតកីឡាយុវជនអាស៊ី ២០២៩ ក្នុងនាមជាម្ចាស់ផ្ទះ។

អនុសាសន៍សំខាន់ៗរបស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ត្រូវបានធ្វើឡើងនៅក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥របស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

សម្រាប់ទិសដៅបន្តក្នុងឆ្នាំ២០២៥នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានផ្តល់អនុសាសន៍សំខាន់ៗមួយចំនួនជាគន្លឹះឈានឆ្ពោះទៅរកសក្កានុពលទាំងកម្រិតជាតិ និងអន្តរជាតិ ទី១. ឯកឧត្តម សរ សិទ្ធិរដ្ឋលេខាធិការ ទទួលខុសត្រូវការងាររួមរបស់សហព័ន្ធពិនិត្យឱ្យបានស៊ីជម្រៅផ្តល់ជូននូវអ្វីដែលជាម្រូវការចាំបាច់ ក្នុងការអភិវឌ្ឍ និងសូមឱ្យអភិបាលខេត្តស្វាយរៀងជួយពន្លឿនរៀបចំទីតាំងហ្វឹកហាត់ជូនកីឡាករគ្រូបង្វឹក ដែលជាមូលដ្ឋានអភិវឌ្ឍបច្ចេកទេស។ ទី២. ស្នើសុំដល់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សូមពិនិត្យមើលសម្របសម្រួលផ្តល់ជូនចំនួនកីឡាករ កីឡាការិនីជម្រើសជាតិសមស្របទៅនឹងការហ្វឹកហាត់ត្រៀម ដើម្បីទទួលបានសក្កានុពល។

ទី៣. ចំពោះការហ្វឹកហាត់វិញ មន្រ្តីជំនាញរបស់សហព័ន្ធគួរតែសម្រេចជ្រើសរើសយកតែវិញ្ញាសាណាអាចមានភាគរយខ្ពស់ ក្នុងការប្រជែងមេដាយ ដើម្បីឱ្យកីឡាករកីឡាការិនីហ្វឹកហាត់បំប៉ន។ ទី៤.វិញ្ញាសាណា ដែលបញ្ជូនទៅចូលរួមប្រកួតនៅក្រៅប្រទេស ហើយយើងឈ្នះមេដាយ យើងត្រូវតម្រង់ទិសត្រៀមឆ្នាំ២០២៩ កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ ក្នុងនោះ ត្រូវញែកចេញជាពីរ គឺទី១បំពាក់បំប៉នកីឡាករ កីឡាការិនី និងបំពាក់បំប៉នមន្រ្តីបច្ចេកទេស ពិសេស ត្រូវខិតខំផ្សព្វផ្សាយធ្វើឱ្យកីឡាយើងកាន់តែមានប្រជាប្រិយភាព ដើម្បីស្វែងរកការឧបត្ថម្ភគាំទ្រ។

ទី៥.សូមផ្តោតសំខាន់លើការបណ្តុះបណ្តាលធនធានមនុស្សមន្រ្តីអាជ្ញាកណ្តាលចៅក្រមជាការពង្រីក និងពង្រឹងដល់ក្លឹបរាជធានីខេត្ត ឱ្យបានយល់ដឹងក្នុងស្តង់ដាតែមួយ ព្រោះទិសដៅយើងនឹងរៀបចំការប្រកួតនៅថ្នាក់ខេត្ត ហើយមន្រ្តីថ្នាក់ខេត្ត គឺអាចធ្វើការបាននិងជួយបានផ្នែកបច្ចេកទេស ដែលជាការផ្តល់ឱកាសដល់មន្រ្តីថ្នាក់ខេត្តបានអភិវឌ្ឍសមត្ថភាព និងកាត់បន្ថយការចំណាយទៅលើមន្រ្តីបច្ចេកទេសយកពីសហព័ន្ធទៅទាំងស្រុង។ ទី៦.ត្រូវរៀបចំការប្រកួតនៅក្នុងស្រុកទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យើងត្រូវរៀបចំជាពាក់កណ្តាលអាជីព និងពាក់កណ្តាលមហាជន ដោយមានការបន្ធូបន្ថយនូវលក្ខន្តិកៈច្បាប់ធ្វើយ៉ាងឱ្យតែគ្រប់រាជធានីខេត្តបានចូលរួមច្រើន ព្រោះការចូលរួមផុសផុល និងជួយទាក់ទាញចំណាប់អារម្មណ៍មហាជននិងយុវជនចាប់អារម្មណ៍ទស្សនា និងចង់ចូលហ្វឹកហាត់ក្លាយជាកីឡាករ កីឡាការិនី ហើយយើងនឹងទទួលបាននូវធនធានសម្បូរបែបនៅពេលខាង។ ទី៧. រាល់ការប្រកួតដែលសហព័ន្ធរៀបចំយើងត្រូវបង្កើតព្រឹត្តិការណ៍អម ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋជាការបន្ថែមភាពទាក់ទាញ។

ជាមួយគ្នានោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានជំរុញបន្ថែមឱ្យឯកឧត្តម សរ សិទ្ធិ បន្តដឹកនាំប្រជុំប្រចាំខែ ដើម្បីតាមដានពិនិត្យរាល់ការខ្វះខាត ដើម្បីបន្តអនុវត្តការងារឱ្យស្របតាមទិសដៅផែនការមេប្រចាំឆ្នាំរបស់សហព័ន្ធ។ សូមបន្តសិក្សាអំពីចំណុចខ្លាំង និងចំណុចខ្សោយ ពិសេសរាល់ការជ្រើសរើសកីឡាករ កីឡាការិនីត្រូវមើលជំនាញទេពកោសល្យ ដើម្បីឱ្យសិទ្ធផលនិងគុណផលបានល្អទាំងការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ។ ត្រូវបន្តបណ្តុះបណ្តាលធនធានមនុស្សជាពិសេសដល់មន្រ្តីអាជ្ញាកណ្តាលចៅក្រមនិងមន្រ្តីបច្ចេកទេសឱ្យដើរទាន់បទរិបទរបស់ពិភពលោក។ ត្រូវបន្តពង្រីកនិងពង្រឹងទំនាក់ទំនងអន្តរជាតិឱ្យកាន់តែល្អជាមួយបណ្តាលប្រទេសនានា៕