សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានលើកឡើងថា កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យ តាមរយៈការដាក់ចេញនូវកម្មវិធី នយោបាយសំខាន់ៗ ជាពិសេសការជំរុញផលិតកម្មគ្រប់ប្រភេទឱ្យមានលក្ខណៈសេដ្ឋកិច្ចមាត្រដ្ឋាន ការដាក់បញ្ចូលបច្ចេកវិទ្យាឌីជីថលទៅក្នុងខ្សែច្រវាក់ផលិតកម្ម និងការលើកកម្ពស់នូវយន្តការពាក់ព័ន្ធទាំងឡាយ សំដៅជួយ ធ្វើឱ្យមានប្រសិទ្ធភាពថ្លៃដើម មានគុណភាព សោភណភាពកាន់តែល្អប្រសើរ និងមានសក្តានុពលទីផ្សារ សម្រាប់ ផលិតផលក្នុងស្រុកគ្រប់ប្រភេទ។
តាមរយៈសារលិខិត អបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រើប្រាស់ផលិតផលខ្មែរ គឺមោទនភាពជាតិខ្មែរ» សម្តេចបវរធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ អង្គការមិនមែន រដ្ឋាភិបាលជាតិ អន្តរជាតិ វិស័យឯកជន បន្តកិច្ចសហការជាមួយគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ ដើម្បីជួយពង្រឹងផលិតករខ្មែរឱ្យអភិវឌ្ឍផលិតផលរបស់ខ្លួនឱ្យកាន់តែមានគុណភាពខ្ពស់ សម្បូរបែប កាន់តែមានទំនុកចិត្តពីអ្នកប្រើប្រាស់ និងមានសក្តានុពលពាណិជ្ជកម្ម ទាំងលើទីផ្សារជាតិនិងអន្តរជាតិ។
សម្តេចធិបតីមានប្រសាសន៍ថា «ឈរលើស្មារតីនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវ គោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ដើម្បីជំរុញកិច្ចអភិវឌ្ឍមូលដ្ឋាន តាមរយៈការលើកទឹកចិត្ត ប្រជាជនឱ្យចូលរួមផលិតនូវវត្ថុធាតុដើម កែច្នៃ និងអភិវឌ្ឍផលិតផល ធ្វើឱ្យប្រជាជនមានមោទនភាព និងទទួល បានកិត្តិយស កិត្តិនាមពីផលិតផលដែលខ្លួនបានផលិត។ ជាក់ស្តែង ផលិតផលក្នុងស្រុកជាច្រើន ត្រូវបានផលិត និងកែច្នៃពីវត្ថុធាតុដើមដែលមានស្រាប់ក្នុងមូលដ្ឋាន ឱ្យទៅជាគ្រឿងឧបភោគបរិភោគ វត្ថុប្រើប្រាស់ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ប្រកបដោយគំនិតច្នៃប្រឌិត រក្សានូវ ប្រពៃណី ទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីអត្តសញ្ញាណជាតិយើង ប្រកបដោយគុណភាព តម្លៃសមរម្យ និងមានបរិមាណគ្រប់គ្រាន់តបទៅនឹងតម្រូវការទីផ្សារ។ កត្តាទាំងនេះបានធ្វើឱ្យប្រជាពលរដ្ឋយើង ផ្លាស់ប្តូរផ្នត់គំនិតមកជឿជាក់ និងប្រើប្រាស់ផលិតផលខ្មែរជាបណ្តើរៗ ជំនួសឱ្យផលិតផលនាំចូលពីបរទេស ដែលទាំងនេះបានបង្ហាញនូវមោទនភាពជាតិចំពោះផលិតផលដែលខ្មែរបានផលិត»។
គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការជំរុញចលនាភូមិមួយផលិតផលមួយ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ ដែលនាំទៅដល់ការប្រែប្រួលជាវិជ្ជមាននៃផលិតផលខ្មែរ ដូចជា គុណភាព ស្តង់ដា អនាម័យ ការវេចខ្ចប់ ជាពិសេសការដាក់ស្លាកសញ្ញាសម្គាល់ លើផលិតផលជាផលិតផលភូមិមួយផលិតផលមួយ និងឈានទៅដាក់ចំណាត់ថ្នាក់ផលិតផល ដើម្បីជួយជំរុញ និងលើកទឹកចិត្តផលិតករឆ្នើម ដែលបានខិតខំកែច្នៃ ផលិតផលប្រកបដោយគុណភាពខ្ពស់ សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅប្រទេស៕






