ប្រតិភូខេត្តដុងថាប់ ប្រទេសវៀតណាម ជូនពរថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់


(ពោធិ៍សាត់)៖ ឯកឧត្តម​ ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥នេះ បានទទួលស្វាគមន៍ គណៈប្រតិភូខេត្តដុងថាប់ ដឹកនាំដោយឯកឧត្តម ហ្វិញ មិញត្វិន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សខេត្តដុងថាប់ និងឯកឧត្តម​ ង្វៀង ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ក្នុងឱកាសអញ្ជើញអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ គ្រឹស្តសករាជ២០២៥ ដែលនឹងខិតជិតមកដល់នាពេលឆាប់ៗខាងមុខ។

ឯកឧត្តម ហ្វិញ មិញត្វិន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត បានថ្លែងតាមរយៈជំនួបថ្ងៃនេះ បានឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមិត្តភាពដ៏ល្អ និងកិច្ចសហប្រតិបត្តិការ រវាងដុងថាប់ និងខេត្តពោធិ៍សាត់ គឺឈរលើស្មារតីកិច្ចសហការសម្ព័ន្ធមេត្រីភាព រវាងប្រទេសទាំងពីរ «វៀតណាម-កម្ពុជា»។ ការសហការគ្នាយ៉ាងល្អប្រសើរនេះ ជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាពយូរអង្វែង ទាំងការដឹកនាំ និងការអភិវឌ្ឍ។

ឯកឧត្តម ហ្វិញ មិញត្វិន បានបន្តថា ប្រទេសយើងទាំងពីរ តែងតែពង្រឹង និងពង្រីកការលើកកម្ពស់ទំនាក់ទំនងឱ្យរីកចម្រើន ដល់កម្រិតខ្ពស់ថ្មីបន្ថែមទៀត ដែលនាំមកនូវផលប្រយោជន៍ពិតប្រាកដ សម្រាប់ប្រជាពលរដ្ឋ និងប្រទេសទាំងពីរ រួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿង ស្របទៅនឹងបាវចនា នៃការទំនាក់ទំនងប្រទេសទាំងពីរ ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ និងយូរអង្វែង។

ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ឯកឧត្តម ហ្វិញ មិញត្វិន ព្រមទាំងប្រតិភូអមដំណើរ និងលោកអគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង សូមគោរពជូនពរ ឯកឧត្តម​ ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម​ ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀត ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ។

ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានសម្តែងនូវសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានទទួលបដិសណ្ឋារកិច្ច គណៈប្រតិភូខេត្តដុងថាប់ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលអញ្ជើញមកទស្សនកិច្ច និងចូលរួមអបអរសាទរ ជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជន ក្នុងខេត្តពោធិ៍សាត់ នៃព្រះរាជាណាចក្រកម្ពុជា នាពេលនេះ។

ជាការពិតណាស់ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងខេត្ត យើងទាំង២ (ពោធិ៍សាត់-ដុងថាប់) ក្នុងរយៈកាលកន្លងមកនេះ ជានិច្ចកាលបានបន្តកិច្ច សហប្រតិបត្តិការល្អ និងធ្វើការទំនាក់ទំនងយ៉ាងស្អិតរមួតជាមួយគ្នា ក្នុងស្មារតីមិត្តភាព សាមគ្គីភាព ជាបងប្អូនល្អ និងជាប្រទេសដែលមានភូមិផងរបងជាប់គ្នា។ ជាមួយគ្នានេះ យើងក៏មិនអាចបំភ្លេចបាន នូវគុណបំណាច់ដ៏ធំធេងរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបូជាពលីជីវិត សាច់ស្រស់ ឈាមស្រស់ ដើម្បីរំដោះប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ក្នុងនោះក៏មានកងទ័ពស្ម័គ្រចិត្ត របស់ខេត្តដុងថាប់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត សូមឆ្លៀតយកឱកាសនេះ ជម្រាបជូនផងដែរថា បច្ចុប្បន្ននេះក្រោមការដឹកនាំដ៏ឈ្លាសវៃ និងស្វាហាប់ របស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់អភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែមានការរីកចម្រើន និងជីវភាពប្រជាជន ឱ្យកាន់តែមានភាពធូរធារថែមមួយកម្រិតទៀត និងសំដៅចូលរួមចំណែកសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តម ខូយ រីដា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម ហ្វិញ មិញត្វិន សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការគណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងថាប់ និងឯកឧត្តម​ ង្វៀង ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំខេត្តបាត់ដំបង ព្រមទាំងលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ កម្មាភិបាល កងកម្លាំង ប្រដាប់អាវុធ និងគណៈកម្មាធិការប្រជាជន ខេត្តដុងថាប់ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានអញ្ជើញមកទស្សនកិច្ច និងចូលរួមអបអរសាទរ ជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជន នៃខេត្តពោធិ៍សាត់ និងសូមបានជួបប្រទះ នូវពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕