ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី


ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨ ក្រោមការចូលរួមពីលោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា។

ពិធីនោះក៏មានការនិមន្តព្រះសង្ឃសូត្រមន្តចំនួន១២០អង្គរ បង្សុកូលជូនដល់វិញ្ញាណក្ខន្ធបុព្វបុរស ព្រមទាំងចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គល អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ឆស័ក ព.ស. ២៥៦៨។

ក្នុងពិធីនេះដែរលោកជំទាវបណ្ឌិត ជា សិរី ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីមន្រ្ដីបុគ្គលិក ធនាគារជាតិនៃកម្ពុជាទាំងអស់ បានប្រគេននូវទេយ្យវត្ថុ និងបវារណាចតុបច្ច័យ ថ្វាយចំពោះព្រះភិក្ខុសង្ឃគ្រប់អង្គជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ សូមកើតមានចំពោះមហាគ្រួសារ ធនាគារជាតិនៃកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋ ខ្មែរគ្រប់ៗរូប ជានិច្ចនិរន្តរ៍តរៀងទៅ។

លោកជំទាវបណ្ឌិត ជាសិរី បានបួងសួងដល់ទេវតាឆ្នាំថ្មី ដែលនឹងមកគ្រប់គ្រងភពផែនដីបន្ដពីទេវតាឆ្នាំចាស់ សូមប្រោះព្រំសព្វសាធុការពរជ័យ សិរីមង្គលបវរមហាប្រសើរ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់ ក្រោមឱវាទនៃធនាគារជាតិនៃកម្ពុជា ឱ្យទទួលបានសុខភាពល្អ សេចក្ដីសុខចម្រើនរុងរឿង ជោគជ័យរាល់ការបំពេញភារកិច្ចនានាក្នុងឆ្នាំថ្មីនេះ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំធនាគារជាតិនៃកម្ពុជា បានរៀបចំពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រ័យ និងបាននិមន្តព្រះសង្ឃ ដើម្បីចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល៕