រដ្ឋលេខាធិការក្រសួងសង្គមកិច្ច នាំយកអំណោយ សម្តេចតេជោ ហ៊ុន សែន ចែកជូនពលរដ្ឋពិការភាព និងជួបការលំបាក ២០គ្រួសារ ក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ


ឯកឧត្តម អេង ចំរើន ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលជួបការលំបាក

ខ្វះខាត និងមានពិការភាព និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ចែកជូនសរុបចំនួន ២០គ្រួសារ រស់នៅក្រុម៤ ភូមិ២ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសចុះជួបសួរសុខទុក្ខនេះ ឯកឧត្តម អេង ចំរើន បានពាំនាំនូវការសាកសួរសុខទុក្ខ និងការជូនពររបស់សម្តេចតេជោ ដល់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសជិតចូលមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរផងដែរ។

ដោយមានការយកចិត្តទុកដាក់ខ្ពស់ និងក្តីព្រួយបារម្ភរបស់​ប្រមុខដឹកនៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្កេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា និងសម្តេចមហាប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងមូលដ្ឋានខេត្តព្រះសីហនុ តែងតែមានការចុះសួរសុខទុក្ខ និងមើលឃើញពីស្ថានភាពជាក់ស្តែងរបស់បងប្អូនប្រជាពលរដ្ឋដែលជួបការខ្វះខាតទីទាល់ក្រ ចាស់ជរា និងជនពិការភាព។

កន្លងមកតាមរយៈឯកឧត្តម អេង ចំរើន មន្ទីរពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋាន តែងតែបានចុះសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងបានចែកអំណោយ ជាបន្តបន្ទាប់ផងដែរ៕