ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការអភិវឌ្ឍវិស័យឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា


(ភ្នំពេញ)៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល បានថ្លែងបញ្ជាក់ថា សម្រាប់កម្ពុជា ការអភិវឌ្ឍវិស័យឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ នាឱកាសដែលោកបានអញ្ជើញ ជាអធិបតីតំណាងដ៏ខ្ពស់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវ «យុទ្ធសាស្រ្ដស្ដីពីការអភិវឌ្ឍសេវាអេទ្បិចត្រូនិក​ សម្រាប់ធុរកិច្ច ឆ្នាំ២០២៥-២០២៨» ដែលពិធីនេះបានធ្វើឡើងនៅសណ្ឋាគារ Hyatt regency Phnom penh ។

ពិធីនេះក៏មានការចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មាធិការ​កែទម្រង់រដ្ឋបាលសាធារណៈ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងមានថ្នាក់ដឹកនាំ និងតំណាងក្រសួង-ស្ថាប័ន នៃរាជរដ្ឋាភិបាល និងមានលោក លោកស្រី សមាជិក-សមាជិកាជាច្រើនរូបទៀត។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងដូចនេះថា «សម្រាប់កម្ពុជា ការអភិវឌ្ឍវិស័យឌីជីថល ត្រូវបានចាត់ទុកជាចលករដ៏សំខាន់មួយ ក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច។ រាជរដ្ឋាភិបាលសម្រាប់ នីតិកាលទី៦ នៃរដ្ឋសភា, ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប្រាកដនិយមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា, បានប្រកាសដាក់ឲ្យអនុវត្តនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ដែលជាឯកសារគោល​នយោបាយរយៈពេលវែង សម្រាប់ធ្វើជាត្រីវិស័យក្នុងការរៀបចំបរិវត្តកម្មឌីជីថលរបស់កម្ពុជា»

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានបន្ថែមថា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា, រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ ស្វាហាប់ ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកអាទិភាពគន្លឹះ៥ រួមមាន អាទិភាពគន្លឹះចំនួន៤ បន្តពីយុទ្ធសាស្រ្តចតុកោណនោះគឺ៖ «មនុស្ស, ផ្លូវ, ទឹក និង ភ្លើង និងអាទិភាពគន្លឹះបន្ថែមថ្មីមួយទៀត, ពោលគឺបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ដើម្បីឆ្លើយតបប្រកបដោយសង្គតិភាព ទៅនឹង «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ។

ក្នុងបរិការណ៍ដែលកម្ពុជាកំពុងស្ថិតនៅលើមាគ៌ានៃការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលដែលរឹងមាំ មានបរិយាបន្ន និងមានភាពប្រកួតប្រជែងខ្ពស់ រាជរដ្ឋាភិបាលបន្តប្តេជ្ញាធ្វើឲ្យបរិយាកាសធុរកិច្ចនៅកម្ពុជា មានលក្ខណៈកាន់តែប្រសើរឡើងជាលំដាប់។ ការប្រែក្លាយទៅជារដ្ឋាភិបាលឌីជីថល ក្នុងជំហានដំបូងតាមរយៈការផ្តល់សេវាតាមប្រព័ន្ធអេឡិចត្រូនិក មិនមែនជាជម្រើសសម្រាប់ការពិចារណាទៀតទេ, ប៉ុន្តែ ជាការចាំបាច់ដែលត្រូវតែអនុវត្តឲ្យបានជោគជ័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាព, តម្លាភាព, គណនេយ្យភាព និងភាពជឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋ និងវិស័យឯកជន។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា​ ការធ្វើទំនើបកម្មការផ្តល់សេវាសាធារណៈសម្រាប់ធុរកិច្ច ត្រូវបានចាត់ទុកជាអាទិភាពខ្ពស់មួយរបស់រាជរដ្ឋាភិបាល ដែលត្រូវបានបន្តអនុវត្តជាប្រចាំ ចាប់ពីនីតិកាលទី៦ នៃរដ្ឋសភា រហូតដល់បច្ចុប្បន្ន និងតទៅអនាគត ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានរៀបចំ និងដាក់ឲ្យដំណើរការនូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន តាំងពីឆ្នាំ២០២០ ដែលបានអនុញ្ញាតឲ្យធុរជន ចុះបញ្ជីអាជីវកម្មជាកញ្ចប់ ដោយបានកាត់បន្ថយភាពស្មុគស្មាញ ជាច្រើន ក្នុងជំហានដំបូងនៃវដ្តធុរកិច្ចផងដែរ៕