នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក២០២៥-២០៣០»។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក (ផ.ជ.ប.ម) គឺជាក្របខ័ណ្ឌយុទ្ធ សាស្ត្រមួយដែលត្រូវបានរៀបចំឡើង ដើម្បីតម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសមួយក្នុងការអនុវត្តនូវយុទ្ធសាស្ត្រ ដែលផ្អែកលើភស្តុតាងវិទ្យាសាស្ត្រក្នុងការបង្ការ ការរកឃើញទាន់ពេល ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំព្យាបាលសម្រន់ ក្នុងលក្ខណៈជាប្រព័ន្ធ និងប្រកបដោយសមធម៌ ដែលជាខ្សែច្រវាក់គ្រប់គ្រងជំងឺមហារីក (Cancer Control Continuum) ដោយប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យមានប្រសិទ្ធភាពបំផុត សម្រាប់រយៈពេលជាក់លាក់មួយចាប់ពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និងប្រព័ន្ធសុខាភិបាលរបស់ប្រទេស។
ក្រសួងសុខាភិបាល បានគូសរំលេចថា គោលបំណងចម្បងនៃផែនការនេះ គឺដើម្បីកាត់បន្ថយ អត្រាកើតជំងឺមហារីក និងអត្រាមរណភាពដោយសារជំងឺមហារីក ព្រមទាំងធ្វើឱ្យប្រសើរឡើងនូវគុណភាព ជីវិតរបស់អ្នកជំងឺមហារីក តាមរយៈអភិក្រមគ្រប់ជ្រុងជ្រោយ និងមានការសម្របសម្រួលគ្នា ដែលចូលរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពជាទូទៅរបស់ប្រជាជន។
ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក បានកំណត់នូវចក្ខុវិស័យ គោលបំណង គោលដៅ យុទ្ធសាស្ត្រ និងសកម្មភាពយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺមហារីក ដោយមានចំណុចដៅ និងសូចនាករច្បាស់លាស់សម្រាប់ការពិនិត្យតាមដាន និងវាយតម្លៃ។
ជំងឺមិនឆ្លងបានសម្លាប់ប្រជាជនកម្ពុជាជិត ៦០,០០០នាក់ ជារៀងរាល់ឆ្នាំ ដែលស្មើនឹង ៦៤ភាគរយ នៃករណីស្លាប់ទាំងអស់ក្នុងឆ្នាំ២០១៨។ ក្នុងនោះជំងឺមហារីកជាមូលហេតុនៃការស្លាប់ប្រមាណ ១៤ភាគរយ ហើយតាមការប៉ាន់ប្រមាណនៅកម្ពុជា មានករណីជំងឺមហារីកថ្មីចំនួន ១៩,៧៩៥នាក់ ក្នុងនោះ ១០.៦២៤ករណីជាស្ត្រី។
ជំងឺមហារីកថ្លើមបានដើរតួចម្បងជាងគេ ក្នុងចំណោមជំងឺមហារីកទាំងអស់ ដែលកើតលើប្រជាជនទាំងពីរភេទ បន្ទាប់មកគឺជំងឺមហារីកសួត សុដន់ ពោះវៀនធំ និងមាត់ស្បូន។ ចំពោះស្ត្រី ជំងឺមហារីកដែលឈរជួរទី១ គឺមហារីកសុដន់ បន្ទាប់មកគឺមហារីកមាត់ស្បូន ថ្លើម ពោះវៀនធំ និងសួត។
ក្នុងបុព្វកថានៃផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ និងបានចាត់ទុកវិស័យសុខាភិបាល និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជាជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុត។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ជំងឺមហារីកគឺជាជំងឺមួយក្នុងចំណោមជំងឺមិនឆ្លងចម្បងៗទាំង៤ ដែលត្រូវបានចាត់ទុកជាអាទិភាពដោយក្រសួងសុខាភិបាល បានខិតខំប្រឹងប្រែងដាក់ចេញនូវវិធានការជាច្រើនដើម្បីបង្ការ និងគ្រប់គ្រងជំងឺទាំងនេះ។ ទោះជាយ៉ាងនេះក្តី ជំងឺមហារីកនៅតែជាបញ្ហាប្រឈមចម្បងចំពោះសុខភាពសាធារណៈ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់អ្នកជំងឺ ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល ដោយជំងឺនេះបានបង្អាក់សកម្មភាពប្រចាំថ្ងៃ បន្ថយផលិតភាព និងបណ្តាលឱ្យមានការចំណាយថវិកាជាច្រើនសម្រាប់ថែទាំសុខភាព ដែលអាចជះផល អវិជ្ជមានធ្ងន់ធ្ងរដល់ជីវភាពប្រជាជន សេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគាំទ្រក្រសួងសុខាភិបាល ក្នុងការរៀបចំ «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ក្នុងគោលបំណងកាត់បន្ថយ ករណីជំងឺមហារីកដែលអាចបង្ការបាន និងកាត់បន្ថយអត្រាមរណភាពមុនអាយុរំពឹងរស់ដោយសារជំងឺនេះ ព្រមទាំងបង្កើនអត្រារស់រានមានជីវិតនិងគុណភាពជីវិត សម្រាប់អ្នកជំងឺ និងក្រុមគ្រួសារ។
សម្តេចប្រមុខរាជរដ្ឋាភិបាល បានលើកឡើងទៀតថា ភាពជោគជ័យ
នៃការអនុវត្តផែនការជាតិប្រយុទ្ធនឹងជំងឺមហារីកនេះ នឹងមិនត្រឹមតែអាចកាត់បន្ថយជំងឺមហារីក ប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកពន្លឿនវឌ្ឍនភាពវិស័យសុខាភិបាលនៅប្រទេសកម្ពុជា ឆ្ពោះទៅរកការគ្រប់ដណ្តប់សុខភាពជាសកល។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា ផែនការជាតិនេះនឹងក្លាយជាមូលដ្ឋានយុទ្ធសាស្ត្រសម្រាប់កៀរគរធនធាន និងការប្តេជ្ញាចិត្តយ៉ាងរឹងមាំពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាឱ្យការអនុវត្តទទួលបានជោគជ័យ។
សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវឱ្យគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងសុខាភិបាល ព្រមទាំងអង្គការដៃគូអភិវឌ្ឍនានា ផ្នែកឯកជន និងបណ្តាភាគីពាក់ព័ន្ធទាំងអស់ រួមគ្នាជាកម្លាំងតែមួយ ក្នុងការអនុវត្ត «ផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក ២០២៥-២០៣០» ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ៕