ឯកឧត្តមជួន ជ័យសត្យាៈចលនាប្រលងប្រណាំងទីក្រុងស្អាតជួយលើកកំពស់ជីវភាពប្រជាពលរដ្ឋអោយកាន់តែធូធារ


កំពង់ឆ្នាំងៈឯកឧត្តមជួន ជ័យសត្យាអគ្គលេខាធិការរងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតបានមានប្រសាសន៍ថាៈចលនាប្រឡងប្រណាំងទីក្រុងស្អាតក្នុងគោលបំណងលើកកំពស់សោភ័ណភាពនិងសណ្តាប់ទីក្រុងជាពិសេសគឺធ្វើ ការឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពរបស់ថ្នាក់ក្រោមជាតិ ក្នុងការចូលរួមចំណែកអនុវត្តតាមយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានមានប្រសាសន៍បែបនេះ នាព្រឹកថ្ងៃទី៤ខែតុលា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្នុងកិច្ចប្រជុំវាយតម្លៃទីក្រុងស្អាតដោយមានការចូលរួមពីឯកឧត្តមហ៊ី ណាត អភិបាលរងខេត្តកំពង់ឆ្នាំង លផកហៃ មនោរម្យ អភិបាលក្រុងកំពង់ឆ្នាំង ប្រធានអង្គភាពពាក់ព័ន្ធក្នុងខេត្ត ប្រតិភូគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត មន្រ្តីសាលាក្រុងនិងចៅសង្កាត់ទាំង៤ផងដែរ។

ឯកឧត្តមជួន ជ័យសត្យា បានមានប្រសាសន៍បន្តថាការវាយតម្លៃគឺស្របតាមនិតិវិធី ដែលតម្រូវឲ្យមានកិច្ចប្រជុំពិភាក្សាវាយតម្លៃ ការពិនិត្យសំណុំឯកសារភ្ជាប់ ការចុះពិនិត្យទីតាំងជាក់ស្ដែង និងការស្ទង់មតិប្រជាពលរដ្ឋផងដែរ។

ឯកឧត្តមហ៊ី ណាត បានរាយការណ៍ជូនប្រតិភូនូវសមិទ្ធផលថ្មីៗដែលជាគំរោងអធិភាពរបស់ខេត្តក្នុងក្រុងកំពង់ឆ្នាំងរួមមានៈធ្វេីទំនប់ការពារទឹកជំនន់អាងចម្រោះទឹកខ្វក់, រណ្តៅសំរាម, អភិវឌ្ឍន៍ច្រាំងទន្លេ,សួនច្បារថ្មីមុខស៊ីម៉ាក់,បង្គន់អនាម័យសាធារណៈតាមស្តង់ដា,រៀបចំតំបន់ទេចរណ៍និងរៀបចំបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈក្នុងធានាអោយបានស្ថេរភាព សុវត្ថិភាព ជូនប្រជាពលរដ្ឋធ្វើដំណើរពេលជា​ពិសេសធានាសុវត្ថិភាពជូនសិស្សានុសិស្ស ចេញពីរៀននៅពេលយប់៕