ខេត្តកំពង់ធំ៖ ថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងការដ្ឋានធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ក្នុងភូមិសាស្រ្តស្រុកសន្ទុក ខេត្តកំពងធំ ដែលបានទទួលហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមបេសកកម្ម និងយុទ្ធសាស្រ្ត ក៏ដូចជា នយោបាយទឹក ការគ្រប់គ្រងទឹក ការបញ្ជាទឹក និងការប្រើប្រាស់ទឹករបស់ក្រសួងក្នុងរយៈពេលយូរអង្វែងហើយធានាបាននូវសន្តិសុខទឹក ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុវត្តការធ្វើទំនើបកម្មវិស្វកម្មក្នុងតំបន់ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតរហូតដល់ប្រព័ន្ធធារាសាស្រ្តនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព និងប្រាក់ចំណូលរបស់បងប្អូនប្រជាកសិករឱ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយឱ្យបានជាអតិបរិមាលើចលនាចំណាកស្រុក ព្រមទាំងបង្កើនការអភិរក្សសត្វកម្រ ហង្សទេព ដែលមាននៅសល់ប្រមាណ ១០០ ក្បាល ក្នុងតំបន់៣ នៃប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិតផងដែរ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតបាន ចូលរួមចំណែកប្រកបដោយការប្រទាក់ក្រឡាជាមួយប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកកំពង់គោ ក្នុងការកាត់បន្ថយគ្រោះមហន្តរាយដែលកើតឡើងដោយសារជំនន់និងគ្រោះរាំងស្ងួត ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាឈានទៅមានលក្ខណៈប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក៕