សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ច្បាស់យ៉ាងច្បាស់ៗថា សុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌដ៏ចាំបាច់ ដែលនាំឱ្យមានការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។ សម្ដេចនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារអន្តេវាសិកដ្ឋាន «តេជោសន្តិភាព» និងសមិទ្ធផលនានាក្នុងវត្តស្វាយពពែ នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះថា៖ «តាមរបាយការណ៍របស់ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានឱ្យដឹងថាចំនួនវត្តអារាមព្រះពុទ្ធសាសនា និងព្រះសង្ឃទូទាំងប្រទេសមានការកើនឡើងជាលំដាប់។ នេះបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់ថា កត្តាសុខសន្តិភាពនៅតែជាបុរេលក្ខខណ្ឌដ៏ចាំបាច់ គ្រប់កាលៈទេសៈ សម្រាប់មនុស្សគ្រប់រូប កត្តាសុខសន្តិភាពមិនត្រឹមតែបង្កលក្ខណៈដល់ការអភិវឌ្ឍសម្រាប់ជាតិប៉ុណ្ណោះទេ ប៉ុន្តែផ្ដល់នូវកាលានុវត្តភាពនូវលទ្ធភាពគ្រប់គ្រាន់សម្រាប់សានិកគ្របសាសនា នៅក្នុងការរៀបចំសាសនវិធី និងសកម្មភាពសាសនារបស់ខ្លួន។ នេះគឺជាផ្នែកមួយក្នុងការអភិវឌ្ឍជាតិ ជាពិសេសជាផ្នែកមួយក្នុងការបណ្ដុះស្មារតី គុណធម៌ សីលធម៌ សុជីវធម៌ ដល់មនុស្សនៅក្នុងសង្គម ដែលធ្វើឱ្យសង្គមមានការរីកចម្រើនឡើងប្រសើរ»។
នៅក្នុងឱកាសនោះសម្ដេច បានបញ្ជាក់ទៀតថា តាមការសិក្សាពីសម័យកាលមួយទៅសម័យកាលមួយ យើងអាចសន្និដ្ឋានបានថា ប្រទេសជាតិមួយដែលមានការអភិវឌ្ឍគ្រប់វិស័យទៅបាន ដោយសារមានការកសាងមូលធន់មនុស្សជាមូលដ្ឋាន។ កម្ពុជា ជាប្រទេសចំណាស់មួយមានវប្បធម៌សម្បូរបែប ហើយគុណតម្លៃវប្បធម៌ខ្មែរផ្អែកទៅលើមូលដ្ឋានព្រះពុទ្ធសាសនា ជាពិសេសវប្បធម៌កត្តញ្ញូ មេត្តា ករុណា អហិង្សា ជាគោលការណ៍សម្រាប់រស់នៅក្នុងសង្គមជាមួយគ្នា ឱ្យបានប្រសើរទាំងក្នុងសង្គមគ្រួសារ និងក្នុងសង្គមជាតិ។
សាសនាទាំងអស់សុទ្ធសឹងតែ មានបំណងក្នុងការឱ្យសាបព្រោះនូវក្ដីស្រលាញ់ និងចែករំលែកឱ្យគ្នាទៅវិញទៅមក ការដើរចេញពីគន្លងសាសនានៅពេលណាមួយ នឹងនាំឱ្យសង្គមជាតិមានការបែកបាក់ និងកើតមាននូវអំពើហិង្សា ដែលនាំទៅរកក្ដីវិនាស។ នេះជាការបញ្ជាក់បន្ថែមពីសម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃកម្ពុជា៕