នៅរសៀលថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យប្លង់បច្ចេកទេសការដំឡើងរ៉ាដា (Doppler Rada) ថ្មីបន្ថែម នៅភូមិសាស្ត្រភ្នំប្រសិទ្ធិ៍ ក្នុងស្រុកពញាឮ ខេត្តកណ្តាល។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ឱ្យដឹងថា ការដំឡើងរ៉ាដាថ្មីបន្ថែម គឺដើម្បីជួយផ្តល់ទិន្នន័យទាន់ពេលវេលា (real time) បម្រើដល់ការព្យាករអាកាសធាតុ និងធាតុអាកាស ជាពិសេសជួយដល់ការគ្រប់គ្រងវិស័យធនធានទឹក និងបម្រើឱ្យគ្រប់វិស័យពាក់ព័ន្ធដូចជា កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ដែលជាតម្រូវការចាំបាច់ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យធ្វើការសិក្សាបន្ថែមទៀតលើលក្ខណៈបច្ចេកទេស និងគំនូសប្លង់វិស្វកម្មឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេសការកំណត់កម្មសិទ្ធលើបរិវេណទីតាំងដំឡើងរ៉ាដាឱ្យបានច្បាស់លាស់ ដោយធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការចុះបញ្ជីជាកម្មសិទ្ធសាធារណៈលើទីតាំងដ៏មានសក្តានុពលសម្រាប់ការសាងសង់ស្ថានីយរ៉ាដា ដែលបម្រើឱ្យការព្យាករកាន់តែមានសុក្រឹតភាព ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព៕