រដ្ឋបាលខេត្តកំពង់ធំ ប្រារព្ធពិធីបុណ្យវិសាខបូជា នៅបរិវេណវត្តឥន្ទ្រីយសំវរៈ (ហៅវត្តកំពង់ធំ)


ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ញ៉ឹក បានខេង អភិបាលរងខេត្ត និងលោកជំទាវ ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ ព្រះសង្ឃ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស បានចូលរួមបុណ្យវិសាខបូជា នៅវត្តឥន្ទ្រីយសំវរៈ(ហៅវត្តកំពង់ធំ) នារសៀលថ្ងៃទី១១ ខែ ឧសភា ឆ្នាំ ២០២៥ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ឯកឧត្តម ញ៉ឹក បានខេង បានថ្លែងថា បច្ចុប្បន្នប្រទេសជាតិមានសុខសន្ដិភាពពេញលេញ មានការការអភិវឌ្ឍន៍ និងរីកចម្រើនគ្រប់វិស័យ ដែលនាំឱ្យបងប្អូនប្រជាពលរដ្ឋមានជីវភាពធូរធារ នៅពេលដែលវិស័យអាណាចក្រ មានការរីកចម្រើន វិស័យពុទ្ធចក្រក៏មានការរីកចម្រើនទៅតាមនឹងដែរ គឺតាមរយៈការចូលរួមធ្វើបុណ្យទានរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ក្រុងស្រុកក្នុងមូលដ្ឋាន។

ឯកឧត្តមបន្តថា នៅតាមបណ្ដាវត្តអារាមនៅទូទាំងប្រទេសកម្ពុជា យើងឃើញមានការសាងសង់សំណង់ជាព្រះវិហារ កុដិ សាលាឆាន់ព្រោងព្រាតសម្រាប់ទុកជាទីសក្ការៈបូជានិងសម្រាប់ព្រះសង្ឈគង់នៅ ប្រសិនបើប្រទេសជាតិ មិនមានសុខសន្ដិភាពគ្មានការរីកចម្រើនប្រជាពលរដ្ឋមិនមានជីវភាពធូធារ ហើយការកសាងនៅតាមវត្តអារាម ក៏មិនមានការកើតឡើងនោះទេហើយពុទ្ធបរិស័ទ្ធក៏និងមិននាំគ្នាទៅចូលរួមពិធីបុណ្យ នៅតាមវត្តអារាមនោះដែរ។

ឯកឧត្តមបញ្ជាក់ថាបុណ្យវិសាខបូជាគឺជាពិធីបុណ្យសាសនាដ៏សំខាន់បំផុតក្នុងចំណោមបុណ្យសាសនា ដទៃៗទៀតព្រោះពិធីបុណ្យនេះបានបង្ហាញនូវការគោរពរំឭកនឹកដល់ ព្រឹត្តិការណ៍ធំៗបី នៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់បានប្រសូត បានត្រាស់ដឹង និងបរិនិព្វានផងហើយ ព្រឹត្តិការណ៍ទាំងបីនេះគឺកើតឡើងចំថ្ងៃ១៥កើត ខែពេញបូណ៌មី ដែលមានព្រះច័ន្ទពេញវង់ ក្នុងខែពិសាខ។

ឯកឧត្តមអំពាវនាវឲ្យបងប្អូនពុទ្ធបរិស័ទទាំងអស់ ដែលមានជំនឿលើព្រះពុទ្ធសាសនា សូមបន្តចូលរួមការធ្វើបុណ្យដាក់ទានជួយកសាងវត្តអារាម សាលារៀន ជាពិសេសកសាងអំពើល្អ ឲ្យបានគ្រប់គ្នាៗ ដើម្បីធ្វើយ៉ាងណាឲ្យសង្គមជាតិ ក្លាយជាសង្គមដែលគ្មានអំពើហឹង្សា ជាសង្គមដែលមានតែវប្បធម៌សន្ដោសប្រណីដល់គ្នាទៅវិញទៅមកនិងត្រូវខិតខំគោរពបូជាព្រះពុទ្ធសាសនាដើម្បីឲ្យយុវជនយើងជំនាន់ក្រោយ បានយល់និងចូលរួមគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យបានគង់វង្ស៕