ប្រែពីអ្នកចាំតែប្រឆាំង ពេលនេះលោក ហៃ វណ្ណា នាំអ្នកវិនិយោគជប៉ុន​មួយ​ក្រុមមកកាន់កម្ពុជា និងចូលជួបសម្តែងការគួរសម​ជាមួយសម្តេចតេជោ ហ៊ុន សែន


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា បានអនុញ្ញាតឱ្យលោក អាគីរ៉ា ដូដាតេ (Akira DODATE) នាយក​ប្រតិបត្តិ​សាជីវកម្មទេសចរជប៉ុន ចូលជួបសម្តែងការគួរសម នៅវិមាន​ព្រឹទ្ធ​សភា រាជធានីភ្នំពេញ។

អ្នកវិនិយោគរបស់ជប៉ុនខាងលើនេះ ត្រូវបានលោក ហៃ វណ្ណា ជាអតីត​យុវជនរបស់អ្នកនយោបាយប្រឆាំងនៅប្រទេសជប៉ុន បានណែ​នាំ​មកកាន់ប្រទេសកម្ពុជា។

ពីអតីតកាលលោក ហៃ វណ្ណា ជាយុវជនរបស់អ្នកនយោបាយប្រឆាំង​មួយ​រូប ដែលចាំតែជំទាស់ និងសម្តែងការទោមនស្សជារឿយៗជាមួយការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ហើយបានបញ្ចេញសាររិះគន់ និងវាយប្រហារមិនដាច់នោះឡើយ។

កាលពីចុងឆ្នាំ២០២៤ លោក ហៃ វណ្ណា ក៏បានសម្រេចចិត្តចូលរួមជីវភាព​នយោ​បាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយក៏លែងធ្វើសកម្មភាពវាយប្រហារលើរាជរដ្ឋាភិបាលទៀតដែរ។

បន្ទាប់ពីបានចូលរួមជីវភាពនយោបាយជាមួយបក្សប្រជាជនកម្ពុជា លោក ហៃ វណ្ណា ដែលជាអ្នករកស៊ីមួយរូបនៅក្នុងប្រទេសជប៉ុនដែរនោះ ក៏បានចូលរួមសកម្មភាពជួយដល់ជាតិកម្ពុជា តាមរយៈការផ្សព្វផ្សាយ និងកៀរគរអ្នកវិនិយោគជប៉ុនមកសិក្សាលទ្ធភាពវិនិយោគនៅកម្ពុជា៕