នៅថ្ងៃព្រហស្បត៍ ៤រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស មន្រ្តីជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងរបស់ក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី ចុះធ្វើការត្រួតពិនិត្យលើទីតាំងអាងទឹកអូរប៉ាម ក្នុងភូមិសាស្ត្រតំបន់មុំពីរព្រំប្រទល់ខាងចុងស្រុកកែវសីមា និងស្រុកស្នួលរបស់ខេត្តក្រចេះ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា អាងទឹកអូរប៉ោមមានប្រភពទឹកប្រមូលផ្តុំមកពីអូរប៉ាម អូរឆ្លូង និងអូរប៉ាហួត ដែលមានចម្ងាយប្រមាណ ១៨០គីឡូម៉ែត្រពីស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ។ អាងទឹកនេះជាប្រភពទឹកដ៏មានសក្តានុពលសម្រាប់ផ្គត់ផ្គង់ឱ្យតំបន់ភូមិភាគឦសានរបស់ប្រទេសកម្ពុជា៕