ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញអបអរសាទរ ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា


នៅព្រឹកថ្ងៃសុក្រ ៥រោច ខែពិសាខ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ​ខួបលើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។

ខួបលើកទី៨០ថ្ងៃកំណើតនគរបាលជាតិកម្ពុជា ត្រូវបានរៀបចំធ្វើឡើងយ៉ាងមហោឡារិក នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ ក្នុងពិធីនេះក៏មានដើរព្យុហយាត្រាបង្ហាញផែន​នីមួយៗរបស់កម្លាំងនគរបាលជាតិផងដែរ។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការប្រារព្ធខួបលើកទី៨០ នៃការបង្កើតកងកម្លាំងនគរបាលជាតិនេះ គឺជាឱកាសដ៏មហោឡារិក និង ឧត្ដុង្គឧត្តម ដើម្បីចារឹក និងចងចាំនូវគុណូបការៈ, ការតស៊ូ, ពលិកម្ម និង សមិទ្ធផលដ៏ត្រចះត្រចង់ របស់កងកម្លាំងនគរបាលគ្រប់ជំនាន់ និង ជាពេលវេលាដ៏ស័ក្តិសម ដើម្បីយើងទាំងអស់គ្នាសម្ដែងនូវអំណរគុណការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពអង់អាច ដែលបានលះបង់សព្វបែបយ៉ាងដើម្បីបុព្វហេតុសន្តិភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សិទ្ធិរស់នៅ សិទ្ធិក្នុងការបញ្ចេញមតិ សិទ្ធិគោរពប្រណិប័តន៍សាសនា និងធ្វើនយោបាយផ្សេងៗ ត្រូវធានាសុចរិតភាព និងការគោរពច្បាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីភាពសុខសាន្តនៃការរស់នៅរបស់ប្រជាពលរដ្ឋ ទោះក្នុងតម្លៃណាក៏ដោយត្រូវតែរក្សាឱ្យបាននូវសុខសន្តិភាព និងស្ថេរភាពសង្គម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរកម្លាំងនគរបាលជាតិ ក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវប្រជាពលរដ្ឋយកចិត្តទុក​ដាក់បង្ការគ្រោះអគ្គិភ័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំទៅមន្ត្រីនគរបាលយុត្តិធម៌ ត្រូវច្បាស់លាស់លើការអនុវត្តន៍ច្បាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានស្នើប្រជាពលរដ្ឋកុំឆ្លៀត​ញុះញង់ និងបំផុសឱ្យមានការយល់ខុសនៅពេលឃើញវីដេអូកងកម្លាំងកម្ពុជា ទៅសិក្សានៅបរទេស។ សម្តេចមហាបវរធិបតី បានថ្លែងថា ប្រទេស និងប្រទេសជាមិត្ត តែងតែមានការផ្លាស់ប្តូរការហ្វឹកហ្វឺនជាមួយគ្នា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងបុព្វហេតុសន្តិសុខជាតិ និង សណ្តាប់ធ្នាប់របៀបរៀបរយសង្គមក្នុងរយៈពេល ៨០ឆ្នាំកន្លងទៅនេះ ទោះបីមានវិញ្ញាសាស្មុគស្មាញជាច្រើននៅគ្រប់ដំណាក់កាល នៃការវិវត្តរបស់សង្គមកម្ពុជា អាស្រ័យដោយផលប៉ះពាល់ ខាងស្ថិរភាពនយោបាយ, សេដ្ឋកិច្ច, សង្គម និង កត្តា ផ្សេងៗជាច្រើនទៀតក៏ដោយ, ក៏នគរបាលជាតិកម្ពុជា បានពុះពារជម្នះរាល់ការលំបាកទាំងនោះ, អនុវត្តនូវតួនាទីស្នូលរបស់ខ្លួន រួមចំណែកយ៉ាងសកម្មក្នុងការការពារឯករាជ្យ, អធិបតេយ្យជាតិ, បូរណភាពទឹកដី, រក្សាស្ថិរភាពនយោបាយ, ប្រឆាំងទប់ស្កាត់រាល់ឧបាយកលប៉ុនប៉ងបង្ក រិទ្ធង្សនា, អំពើភេរវកម្ម, បង្ក្រាបបទល្មើសឆ្លងដែន និង បទល្មើសនានា ការពារអាយុជីវិត ទ្រព្យសម្បត្តិប្រជាពលរដ្ឋ, រក្សាសុវត្ថិភាពនៅមូលដ្ឋាន និង របៀបរៀបរយសណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទោះបីរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដឹកនាំកិច្ចដំណើរការរបស់ជាតិ សម្រេចបានជោគជ័យយ៉ាងធំធេងក៏ដោយ, ប៉ុន្តែយើងនៅមានបញ្ហាប្រឈមជាគន្លឹះមួយចំនួន អាស្រ័យដោយសភាពការណ៍នយោបាយ, បញ្ហាសង្គ្រាម ជម្លោះរវាងបណ្ដាប្រទេសនានា ក្នុង តំបន់ និង សកលលោក ការដណ្តើមភូមិសាស្ត្រនយោបាយ, ការប្រែប្រួលអាកាសធាតុ, ជាពិសេស សង្គ្រាមពាណិជ្ជកម្មនាពេលថ្មីៗនេះ បាន និង កំពុងបន្តវិវត្តប្រែប្រួលកាន់តែស្មុគស្មាញ និង ពិបាកប៉ាន់ស្មានបាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សភាពការណ៍បទល្មើសច្រើនប្រភេទបាននិងកំពុងវិវត្តហួសពីបទល្មើសប្រពៃណី ទៅជាបទល្មើសឌីជីថល ដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ព័ត៌មានទំនើប ដូចជា បទល្មើសគ្រឿងញៀន, បទល្មើសបោកបញ្ឆោតតាមអនឡាញ, ការជួញ- ដូរមនុស្ស សកម្មភាពភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ សុទ្ធសឹងជាបញ្ហាមានលក្ខណៈសកលបង្កឱ្យមានអស្ថិរភាពសង្គម វិបត្តិនយោបាយ សេដ្ឋកិច្ច ស្បៀងអាហារ, មនុស្សធម៌ ដែលជះឥទ្ធិពលដល់សកលលោក ក្នុងនោះក៏មានកម្ពុជាផងដែរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាប្រឈមទាំងនេះ គឺជាវិញ្ញាសាដ៏ស្មុគស្មាញដែលកងកម្លាំងនគរបាលជាតិមានភារកិច្ច ទទួលខុសត្រូវ និងចូលរួមក្នុងស្មារតីបុរេសកម្មប្រកបដោយសហថាមពល ដើម្បីធានាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលជាបុព្វបទចាំបាច់បំផុតមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍជាតិគ្រប់វិស័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បង្កើនកិច្ចសហការឱ្យកាន់តែជិតស្និទ្ធជាមួយកងយោធពលខេមរភូមិន្ទ ការពារឱ្យ បានគង់វង្សសន្តិភាព ដែលជាមរតកនៃនយោបាយ «ឈ្នះ-ឈ្នះ» ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី, កសាងឱ្យបានតំបន់ព្រំដែនសន្តិភាព, មិត្តភាព, សហប្រតិបត្តិការ ការអភិវឌ្ឍ និង ប្រឆាំងទប់ស្កាត់អានុភាពអមិត្ត ប្រើប្រាស់ទឹកដីម្ខាង ដើម្បីប្រឆាំងទឹកដីម្ខាងទៀត ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវខិតខំពង្រឹងសន្តិសុខ ស្ថិរភាពនយោបាយ និង សុខដុមនីយកម្មសង្គមឱ្យ បានរឹងមាំ ដោយត្រូវចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងដាច់ខាតនូវរាល់ឧបាយកលបំបែកបំបាក់ សាមគ្គីភាពផ្ទៃក្នុងសកម្មភាពវិទ្ធង្សនា, បង្កចលាចល, ជាពិសេស បដិវត្តពណ៌ ព្រមទាំងខិតខំ ទប់ស្កាត់បង្ក្រាបបណ្ដាញភេរវកម្ម និង ឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ក្នុងយុគឌីជីថល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវបន្តជំរុញនិងលើកកម្ពស់តួនាទីស្នូលរបស់កងកម្លាំងនគរបាលជាតិ ក្នុងការ អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ឱ្យកាន់តែសកម្ម និង ស៊ីជម្រៅគ្រប់ទីកន្លែង ដោយតម្កល់ផលប្រយោជន៍ប្រជាជន និង ឧត្តមប្រយោជន៍ជាតិខ្ពស់ជាងអ្វីៗទាំងអស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សូមបន្តលើកទឹកចិត្តដល់ ក្រសួងមហាផ្ទៃ និង អគ្គស្នងការដ្ឋាននគរបាលជាតិ បន្តពង្រឹងរបៀបរបបការងារនគរបាល និង សហគមន៍ដែលជាវិធានចលករដ៏សំខាន់ក្នុងការកៀរគរ ការគាំទ្ររបស់ប្រជាពលរដ្ឋចូលរួមកាន់តែខ្លាំងក្លា ដើម្បីបង្ការទប់ស្កាត់ឱ្យបានជាអតិបរមាចំពោះ បទល្មើសគ្រប់ប្រភេទ ដែលប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ, ដូចជា អំពើលួច, ឆក់ប្លន់, អំពើជួញដូរ ចែកចាយគ្រឿងញៀនខុសច្បាប់, បទល្មើសបច្ចេកវិទ្យាព័ត៌មានទំនើប, អំពើជួញដូរមនុស្ស, ក្មេងទំនើង, អំពើហិង្សាក្នុងគ្រួសារ ដើម្បីឱ្យសង្គមជាតិមានវិបុលសុខប្រកបដោយចីរភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវគិតគូរចំពោះបរិបទថ្មី ដើម្បីធានាថាសណ្តាប់ធ្នាប់តាមទីសាធារណៈ, សណ្ដាប់- ធ្នាប់ចរាចរណ៍ មានរៀបរយល្អ ឆ្លើយតបទៅនឹងការកើនឡើងនៃតម្រូវការអភិវឌ្ឍជាតិ, កំណើន សេដ្ឋកិច្ច, អគារខ្ពស់ៗ និង បុរី ដែលមានមនុស្សរស់នៅច្រើនកុះករ និង កំណើនយានយន្តគ្រប់ ប្រភេទ។ ទន្ទឹមនេះ សូមយកចិត្តទុកដាក់ដល់ការងារបង្ការនិងពន្លត់អគ្គិភ័យ និង ការត្រៀម កម្លាំង- ឧបករណ៍ មធ្យោបាយ ក្នុងការចូលរួមសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវពង្រឹង និងលើកកម្ពស់ការផ្តល់សេវារបស់កងកម្លាំងនគរបាលជាតិ ឱ្យកាន់តែ មានភាពសាមញ្ញ, លឿនរហ័ស, តម្លាភាព និង គណនេយ្យភាព សំដៅឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេល រួមទាំង ការផ្តល់សេវាក្នុងការរក្សាសន្តិសុខ, សុវត្ថិភាព និង សេវាចាំបាច់នានា ដូចជា សេវាលិខិតស្នាម ក្នុងដែនសមត្ថកិច្ចរបស់នគរបាល ជាដើម ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការកែទម្រង់នគរបាលជាតិឱ្យបានស៊ីជម្រៅថែមទៀត ដោយផ្តោតលើការបណ្តុះបណ្តាលបង្កើនសមត្ថភាព, ច្បាប់, ជំនាញ, ភាសា និង បច្ចេកវិទ្យាព័ត៌មាន ដើម្បីមានសមត្ថភាពក្នុងការបំពេញមុខងារ ក្នុងយុគសម័យឌីជីថល ប្រកបដោយវិជ្ជាជីវៈ, សីលធម៌, គុណធម៌ និង ទទួលបានជំនឿទុកចិត្តពីប្រជាពលរដ្ឋ។ ត្រូវពិនិត្យកែសម្រួលរចនាសម្ព័ន្ធអង្គភាពចាំបាច់មួយចំនួន ជាពិសេស

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមលើកទឹកចិត្តឱ្យមានការកែសម្រួលការប្រើប្រាស់ក្របខ័ណ្ឌនគរបាលនៅថ្នាក់កណ្តាល ឱ្យបានសមស្រប ដោយទម្លាក់ក្របខ័ណ្ឌទៅឱ្យថ្នាក់ មូលដ្ឋានឱ្យបានច្រើន ដោយសារប៉ុស្តិ៍នគរបាលរដ្ឋបាល គឺជាប្រតិបត្តិករនៅជាប់ផ្ទាល់ជាមួយ ប្រជាពលរដ្ឋ និងជាកម្លាំងបង្អែកក្នុងការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។ ត្រូវពិនិត្យគុណវឌ្ឍរបស់កងកម្លាំងនគរបាលជាតិ ក្នុងការបម្រើការងារសម្រាប់ការតែងតាំងមុខតំណែងណាមួយក្នុងជួរនគរបាល ឬឡើងឋានន្តរសក្តិ ត្រូវលុបបំបាត់ចោលរឿងបក្សពួកនិយម ក្នុងការស្នើតម្លើងតំណែង ឬ ឋានន្តរសក្ដិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សូមលើកទឹកចិត្តដល់កងកម្លាំងនគរបាលជាតិគ្រប់រូប សូមខិតខំបន្តស្មារតីតស៊ូ អត់ធន់យកចិត្តទុកដាក់លើកកម្ពស់សមត្ថភាពជំនាញ បច្ចេកទេស និង គុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និង សង្គមជាតិ ជាពិសេសធ្វើការអភិវឌ្ឍខ្លួនឱ្យស័ក្តិសមជាគ្រឹះ និង ជាសសរស្ដម្ភ សម្រាប់អភិវឌ្ឍប្រទេសជាតិបន្តទៀត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលមិនមានគម្រោងលក់ដីព្រលានអន្តរជាតិភ្នំពេញឱ្យទៅវិស័យឯកជននោះឡើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីព្រលានយន្តអន្តរជាតិភ្នំពេញ ប្រគល់ទៅរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជាអ្នកគ្រប់គ្រង និងឱ្យសមត្ថកិច្ចជួយថែរក្សាទ្រព្យសម្បត្តិនានា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវរក្សាឱ្យបាននូវតម្លៃប្រវត្តិសាស្ត្រ, ឱ្យពលរដ្ឋប្រើប្រាស់ជាអតិបរមា និងប្រើប្រាស់ឱ្យមានចីរភាព ហើយនៅតែជាសម្បត្តិរបស់រដ្ឋ។