រដ្ឋមន្ត្រីក្រសួងបរិស្ថាន បើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ


ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវចូលទៅភ្នំខ្នងផ្សារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលម្ហែបៃតងតំបន់ភ្នំខ្នងផ្សារ ដែលមានទីតាំងស្ថិតនៅ ភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

នៅក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង ព្រមទាំងតំណាងក្រសួង ស្ថាប័នរាជរដ្ឋាភិបាល អង្គភាពពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន អាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស អ្នកសារព័ត៌មានជាតិ អន្តរជាតិសរុបប្រមាណជាង៥០០នាក់។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា សមិទ្ធផលទាំងនេះ នឹងក្លាយជាចំណងដៃថ្មី ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ យ៉ាងសំខាន់ក្នុងជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅភូមិតាំងបំពង់ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង ក៏ដូចជាការតភ្ជាប់ ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែលជាសមិទ្ធផលដ៏ពិសិដ្ឋរបស់រាជរដ្ឋាភិបាលកម្ពុជាផ្ដល់ជូនផងដែរ។

លោករដ្ឋមន្រ្ដី បានបន្ដថា ការសាងសង់ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យគោលដៅលំហែបៃតង នៅតំបន់ភ្នំខ្នងផ្សារនេះ គឺជាការផ្តួចផ្តើម និងចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងឱកាសដែលសម្ដេចបានមកបំពេញទស្សនកិច្ចនៅតំបន់ភ្នំខ្នងផ្សារ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥កន្លងទៅនេះ។

សូមជម្រាបដែរថា យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ក្រសួងបរិស្ថាន បានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតសំខាន់លើមុំបីគឺ ការពង្រឹង គោលនយោបាយ ការកសាងរដ្ឋបាលឌីជីថលនិងការពង្រីកការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញបង្វិល យុទ្ធសាស្រ្តចំនួនបី គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» មកធ្វើជាមូលដ្ឋានគ្រឹះ សម្រាប់តម្រង់ទិស និង ចង្អុលបង្ហាញអាទិភាពការងារក្នុងការលើកកម្ពស់កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការ អភិវឌ្ឍន៍ ប្រកបដោយចីរភាព តាមរយៈការរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពនានា សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ដើម្បីឆ្លើយតបនឹងការប្រែប្រួល អាកាសធាតុ និងលើកកម្ពស់ការអភិវឌ្ឍន៍បៃតង៕