( សៀមរាប ) ៖ ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៧ នេះ រដ្ឋបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរៀបចំប្រារព្ធពិធីប្រកាសតែងតាំងមុខចូលកាន់មុខតំណែង សូរ សុន អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី សម្រាប់អាណត្តិទី២ និងលោកស្រី រឿន គីណា, លោក ភន់ សុខុន ជាអភិបាលរង នៃគណៈអភិបាលស្រុក ព្រមទាំងលោក សោម សាមេត ជានាយករដ្ឋបាលស្រុក ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ។
ពិធីនេះ គឺជាប្រវត្តិសាស្រ្តថ្មីមួយសម្រាប់ស្រុកបន្ទាយស្រី នៃខេត្តសៀមរាប ដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានតែងតាំងអភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី បន្តអាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល ដោយការតែងតាំងមុខតំណែងនេះសក្ដិសមនឹងមនសិការវិជ្ជាជីវៈ ស្មារតីស្នេហាជាតិពិតៗ ព្រមទាំងការខិតខំប្រឹងប្រែងយ៉ាងស្វិតស្វាញក្នុងការបម្រើប្រជាពលររដ្ឋ និងជាតិមាតុភូមិនាពេលកន្លងមក។
ក្នុងពិធីនោះដែល លោក អភិបាលខេត្ត ក៏បានណែនាំដល់ លោកអភិបាលស្រុកបន្ទាយស្រី ដែលបន្តអាណត្តិទី២ ក្នុងដែនសមត្ថកិច្ចដដែល រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៃស្រុកបន្ទាយស្រី ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាព រួមមាន ៖
-ត្រូវបន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ ។
-បន្តខិតខំលើកកម្ពស់ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈទូទាំងស្រុក ដោយជម្រុញការផ្សព្វផ្សាយនូវលក្ខណៈសម្បត្តិទាំង០៩នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យបានសស្រាក់សស្រាំទូទាំងស្រុកក្រឡាញ់ ។
-មន្រ្តីអនុវត្តច្បាប់ទាំងអស់ត្រូវខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយ ស្មោះត្រង់ និងស្មើភាព។