ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារកន្លងមក និងពិភាក្សាលើទិសដៅការងារទៅថ្ងៃខាងមុខ។ ដោយបានណែនាំដល់ក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងរបៀបរបបការងារនិងត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីត្រៀមឆ្ពោះទៅកាន់ការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង១៦ ប្រធានក្រុមការងារគាំទ្រទាំង៩ គណៈកម្មាធិការបក្សស្រុក និងគណៈកម្មាធិការបក្សឃុំទាំង១៦ នៅទីស្នាក់ការគណបក្សស្រុករមាសហែក។
ជាកិច្ចចាប់ផ្ដើម អង្គប្រជុំបានពិភាក្សាលើរបៀបរបបធ្វើការ និងការរៀបចំផែនការរបស់ក្រុមការងារចុះមូលដ្ឋានឃុំទាំង១៦ និងក្រុមការងារគាំទ្រទាំង៩ដែលរួមមានដូចជា (១) ការរៀបចំនូវរចនាសម្ព័ន្ធក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៦, (២) ការបង្កើតនូវប្រព័ន្ធទំនាក់ទំនងការងារ, (៣) ការងារចិញ្ចឹមចលនា និងទ្រទ្រង់ដំណើរការនៅតាមស្នាក់ការគណបក្ស, (៤) ការរៀបចំប្រព័ន្ធគ្រប់គ្រងសមាជិកគណបក្ស, (៥) ការត្រៀមលក្ខណសម្បត្តិសម្រាប់ការបោះឆ្នោតថ្នាក់មូលដ្ឋានឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៨ និង (៦) ការពង្រីកសមាជិកគណបក្សបន្ថែមទៀត ដោយឈរលើគោលការណ៍ “រក្សាចាស់ បង្កើនថ្មី”។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ បានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដល់ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក គណបក្សស្រុក និងគណបក្សឃុំ ដើម្បីយកទៅអនុវត្តមានដូចជា (១) ត្រូវបន្តអប់រំការងារនយោបាយសតិអារម្មណ៍ជាប្រចាំ, (២) ចូលរួមជួយមូលដ្ឋានក្នុងការចាត់តាំងអនុវត្តកម្មវិធីនយោបាយគណបក្ស, (៣) ខិតខំកសាង និងពង្រឹងគណបក្សលើផ្នែកហិរញ្ញវត្ថុ, (៤) ត្រូវសហការជាមួយគណបក្សស្រុក-ឃុំក្នុងការធ្វើបច្ចុប្បន្នភាពសមាជិកបក្ស និងពង្រីកសមាជិកបក្សជាប្រចាំ, (៥) ត្រូវជួយក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សទាំងអស់ឱ្យបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព”, (៦) ក្រុមការងារគណបក្សតាមរចនាសម្ព័ន្ធនីមួយៗ ត្រូវប្រជុំជីវភាពប្រចាំខែ, (៧) ត្រូវបន្តក្ដាប់ឱ្យបាននូវតម្រូវការរបស់ប្រជាពលរដ្ឋ, (៨) ចូលរួម និងគាំទ្រដល់ការដោះស្រាយបញ្ហាប្រឈមនានា ទាក់ទងនឹងការបោះឆ្នោតសកល និងអសកល, (៩) ត្រូវសហការជាមួយគណៈកម្មាធិការបក្សស្រុកក្នុងការរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោតនាពេលខាងមុខ, (១០) សហការជាមួយមជ្ឈដ្ឋានផ្សេងៗក្នុងការពង្រីកសមាជិកបក្សបន្ថែម, និង (១១) លេខាធិការដ្ឋាន ត្រូវសហការជាមួយប្រធានក្រុមការងារចុះមូលដ្ឋានឃុំនានាក្នុងការចុះពិនិត្យស្ថានភាពទីស្នាក់ការបក្សដែលមានស្ថានភាពមិនអំណោយផលដើម្បីឈានទៅរកដំណោះស្រាយសមស្រប៕