ថ្ងៃអាទិត្យ ៧រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ សូកេន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក បានអញ្ជើញជាអធិបតីក្នុងពិធី ប្រកាសបញ្ចូលសមាជិកគណបក្សថ្មីនៅទូទាំងស្រុករមាសហែកចំនួន៦៧០នាក់ ក្នុងនោះបានកៀរគរសមាជិកមកពីគណបក្សផ្សេងៗចំនួន ១៧២នាក់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា ដែលជាក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែកនិងឃុំទាំង១៦ គណៈកម្មាធិការបក្សស្រុក និងឃុំទាំង១៦ និងសាខាបក្សភូមិទាំងអស់នៃស្រុករមាសហែក នៅទីស្នាក់ការគណបក្សស្រុករមាសហែក។
ថ្លែងក្នុងអង្គពិធី ឯកឧត្តម សុខ សូកេន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះសមាជិក សមាជិកាថ្មីទាំងអស់ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងបានពាំនាំប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង និងឯកឧត្តម សៅ សុខា អតីតប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក ជូនចំពោះសមាជិក សមាជិកាគ្រប់ជាន់ថ្នាក់ទាំងអស់ដែលកំពុងមានវត្តមាននៅទីនេះ។
បន្ថែមពីនេះ ឯកឧត្តម បានស្នើឱ្យក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់នៃស្រុករមាសហែក ត្រូវបន្តអនុវត្តការងារគណបក្សរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងស្រុះដៃគ្នា ក៏ដូចជាការផ្ដល់នូវទំនុកចិត្តបន្ថែមទៀតជូនប្រជាជននៃស្រុករមាសហែកដើម្បីឱ្យពួកគាត់បន្តជឿជាក់ និងគាំទ្រពេញទំហឹងដល់គណបក្សប្រជាជនកម្ពុជា និងបានណែនាំឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនូវរូបមន្តរបស់សម្តេចតេជោប្រធានគណបក្ស គឺច១ជ១ (ចុះ ជួប) និងច២ជ២ (ចុះ ជួប ជួយ ចាយ)។
ឆ្លៀតក្នុងឱ្យកាសនោះ ឯកឧត្តម បានលើកឡើងថាគណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានមូលដ្ឋានកើតចេញពីស្មារតីរួបរួមសាមគ្គី ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចបានកសាងប្រទេសពីបាតដៃទទេ ដោយបានពុះពារឆ្លងកាត់គ្រប់ឧបសគ្គ ជាពិសេសការបញ្ចប់សង្គ្រាមដ៏រុំារ៉ៃ រហូតទទួលបាននូវសុខសនិ្តភាព និងឯកភាពជាតិពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ។ បន្ថែមពីនេះ ឯកឧត្តម ក៏បានលើកឡើងនូវការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដែលរាជរដ្ឋាភិបាល អាណត្តិទី៧ បានអនុវត្ត និងសម្រេចបាននូវសមិទ្ធផលធំៗជាច្រើនជូនជាតិមាតុភូមិ និងប្រជាជននាពេលនេះ។
ជាកិច្ចបញ្ចប់ ឯកឧត្តមប្រធានក្រុមការងារ ក៏បានណែនាំឱ្យសមាជិក សមាជិកាទាំងអស់ត្រូវតែមានជំហររឹងមាំខាងនយោបាយ និងសតិអារម្មណ៍ និងប្រឆាំងដាច់ខាតនូវឧបាយកលរបស់ពួកប្រឆាំងជ្រុលនិយមដែលប៉ុនប៉ងប្រើប្រាស់គ្រប់មធ្យោបាយដើម្បីបង្កនូវអស្ថិរភាពនយោបាយ និងអុជអាលញុះញង់បង្កការបែកបាក់ជាតិ និងបានផ្ដល់នូវអនុសាសន៍សំខាន់ៗមួយចំនួនដល់ក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ដើម្បីយកទៅអនុវត្ត ជាពិសេសបានផ្ដាំផ្ញើដល់សមាជិកថ្មីទាំង៦៧០នាក់ ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីគណបក្សប្រជាជនកម្ពុជា មានភាពស្មោះត្រង់ មានកត្តញ្ញូ និងភាពដឹងគុណចំពោះ គណបក្សនិងថ្នាក់ដឹកនាំ និងត្រូវមានកតវេទីចំពោះគណបក្ស៕




















