ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយអនុក្រឹត្យ ស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អានអនុក្រឹត្យ លេខ៦៤ អនក្រ.បកស្តីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ដែលមាន ១០ជំពូក ស្មើនឹង ៥០មាត្រា។ បន្ទាប់មក ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ច ដែលក្រសួងប្រគល់ជូនយ៉ាងសកម្ម រហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅនិងពរសព្ទសាធុការពីសំណាក់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាពនៃកម្ពុជា ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងថា តាមរយៈការដាក់ចេញនូវអនុក្រឹត្យ ស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ គឺជាទំព័រថ្មីមួយទៀតនៃកម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម បានបន្ដទៀតថា អនុក្រឹត្យស្ដីពីប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈនេះ គឺជាវិធានការគ្រឹះមួយក្នុងចំណោមវិធានការគ្រឹះទាំងបី នៃកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ប្រព័ន្ធលើកទឹកចិត្តមន្ដ្រីរាជការ រួមមាន ទី១. ប្រព័ន្ធជ្រើសរើសមន្ដ្រីប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព, ទី២. ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័ន ដើម្បីលើកម្ពស់គុណភាពការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និងទី៣. ប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍បន្ថែមថា ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសេចក្ដីព្រាង សេចក្ដីសម្រេចបង្កើតគណៈកម្មការ នៃគណៈកម្មការគ្រប់គ្រងប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម និងអនុគណៈកម្មការចំនួន ២ គឺ អនុគណៈកម្មការគាំទ្រអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មរដ្ឋបាលសាធារណៈ និងអនុគណៈកម្មការត្រួតពិនិត្យ វាយតម្លៃ និងដោះស្រាយបណ្ដឹងតវ៉ា ក្នុងការអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ ហើយគ្រោងនឹងអនុវត្តនាពេលខាងមុខ។ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កំពុងផ្ដោតសំខាន់លើការពង្រឹងកំណែទម្រង់រដ្ឋបាលសាធារណៈ និងសមត្ថភាពស្ថាប័ន ឱ្យមានភាពធន់ និងថាមពលខ្លាំងខ្លា ដើម្បីបន្ដអភិវឌ្ឍប្រទេសជាតិទៅអនាគតដូចមានបញ្ជាក់ក្នុងស្នូលយុទ្ធសាស្ដ្របញ្ចកោណ ដែលបានបង្ហាញថាការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង ឈ្លាសវៃ និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាជនឱ្យបានកាន់តែប្រសើរ ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ ឱ្យយកចិត្តទុកដាក់អនុវត្តនូវអនុក្រឹត្យនេះឱ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវបន្ដអនុវត្តតួនាទីភារកិច្ចដែលក្រសួងប្រគល់ជូន ដោយផ្អែកលើ អភិក្រម “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាទទួលខុសត្រូវ” ដើម្បីសម្រេចបានសមិទ្ធកម្មខ្ពស់ និងមានប្រសិទ្ធភាព តាមផែនការដែលបានគ្រោងទុក៕