កម្ពុជា និងសហភាពអារ៉ាប់រួម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម និងនវានុវត្តន៍


នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ឯកឧត្តម Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរដ្ឋទូតនៃសហភាពអារ៉ាប់រួមប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយបន្តសន្ទុះនៃការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនោះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានជម្រាបជូនពីគម្រោងរៀបចំដំណើរទស្សនកិច្ចរបស់គណៈប្រតិភូធុរកិច្ច សហភាពអារ៉ាប់រួមមកកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីស្វែងរកឱកាសវិនិយោគ។ ឯកឧត្តមឯកអគ្គរដ្ឋទូត​ក៏​បាន​បញ្ជាក់​ដែរ​ថា នឹងមានការ​ហោះហើរ​របស់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗរវាង​ប្រទេស​ទាំង​ពីរ​ចាប់​​ពី​ខែ​មិថុនាខាងមុខទៅ។
ឯកឧត្តម Aldhaheri បានលើកឡើងថា៖ “យើងមើលមកប្រទេសកម្ពុជា យើងឃើញសក្តានុពល យើងឃើញការរីកចម្រើន។ សហភាពអារ៉ាប់រួមមានក្រុមហ៊ុនជំនាញ AI និងមជ្ឈមណ្ឌលទិន្នន័យទំនើប ហើយយើងនឹងនាំពួកគេមកកម្ពុជា យ៉ាងហោចណាស់ក៏អាចចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹង AI ការបង្កើត App និង Software ផ្សេងៗ។”
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ចំពោះវឌ្ឍភាពនៃកិច្ចសហការកន្លងមក និងបានកោតសរសើរសហភាពអារ៉ាប់រួមដែលសន្យាផ្តល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាទៅសិក្សាជំនាញវិទ្យាសាស្ត្រ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖​ “ការអភិវឌ្ឍធនធានមនុស្សក្នុងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាមានសារៈសំខាន់ណាស់ ព្រោះរាជរដ្ឋាភិបាលបានកំណត់យកបច្ចេកវិទ្យាជាមុំទី៥ នៃយុទ្ធសាស្ត្របញ្ចកោណ។”
ឯកឧត្តមបានបន្ថែមថា៖ “កម្ពុជាក៏កំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតលើឧស្សាហូបនីយកម្ម និងបរិវត្តកម្មឌីជីថល ហើយយើងបើកចំហចំពោះកិច្ចសហការជាមួយសហភាពអារ៉ាប់រួម លើការវិនិយោគ នវានុវត្តន៍ និងឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។”
ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យសហភាពអារ៉ាប់រួម អញ្ជើញក្រុមហ៊ុនបច្ចេកវិទ្យារបស់ខ្លួន មកចូលរួម និងចែករំលែកបទពិសោធន៍ក្នុងទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា ដែលគ្រោងរៀបចំក្នុងខែមីនា ឆ្នាំ២០២៦ ផងដែរ៕