ឯកឧត្តម ឆាយ ឫទ្ធិសែន​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ


រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅការងារខែបន្ដ ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទសរុប ៨០រូប ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារ, ផ្សព្វផ្សាយឯកសារជំនួយស្មារតី, និងរៀបចំផែនការយុទ្ធសាស្ដ្រឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ ឆ្នាំ២០២៨ របស់ក្រុមការងារចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម សាន វិសាល សមាជិកអចិន្រ្ដៃយ៍គណបក្សក្រសួង និងជាប្រធានលេខាធិការដ្ឋានគណបក្សក្រសួង បានអានរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៥ និងទិសដៅការងារបន្ដ របស់គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ។ បន្ទាប់មក ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ប្រធានគណៈឃោសនាអប់រំនៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ បានផ្សព្វផ្សាយឯកសារជំនួយស្មារតីចំណុចសំខាន់មួយចំនួននៃសភាពការណ៍ខែមេសា និងទិសដៅការងារឃោសនាអប់រំ ខែឧសភា ឆ្នាំ២០២៥ របស់គណៈឃោសនាអប់រំ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។ បន្ទាប់មកទៀត ឯកឧត្ដម សាន វិសាល បានអានសេចក្តីព្រាងផែនការយុទ្ធសាស្ដ្រឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ ឆ្នាំ២០២៨ របស់ក្រុមការងារចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍លទ្ធផលការងារ, ឯកសារជំនួយស្មារតី រួចមក អង្គប្រជុំបានធ្វើការពិភាក្សាផ្ដល់ធាតុចូលបន្ថែមល្អៗលើសេចក្តីព្រាងផែនការយុទ្ធសាស្ដ្រ ដើម្បីឱ្យកាន់តែមុតស្រួច ងាយអនុវត្ត និងសម្រេចបានលទ្ធខ្ពស់។ ជាមួយគ្នានេះផងដែរ ឯកឧត្តមប្រធាន បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សទាំងអស់ដូចខាងក្រោម៖
១. ត្រូវយកស្មារតីនៃអង្គប្រជុំដូចមានក្នុងរបាយការណ៍ ទិសដៅបន្ដ និងក្នុងខ្លឹមសារនៃឯកសារជំនួយស្មារតី របស់គណៈឃោសនាអប់រំទៅផ្សព្វផ្សាយបន្ដនៅតាមមូលដ្ឋានស្រុក ឃុំ ភូមិជូនជ្រាប និងអនុវត្ត
២. ត្រូវចុះសម្របសម្រួល និងជំរុញការងារចុះឈ្មោះបោះឆ្នោតជាពិសេសយុវជនគណបក្សនៅតាមមូលដ្ឋាន និងបន្ដពង្រីកសមាជិកបក្សឱ្យបានលើស ៨០ភាគរយ ដើម្បីបង្កើនបរិមាណសមាជិកគណបក្ស ដោយផ្អែកលើគោលការណ៍ “សមាជិកម្នាក់ សន្លឹកឆ្នោតមួយសន្លឹក ឬលើសមួយសន្លឹក ឬ សមាជិកច្រើន សន្លឹកឆ្នោតច្រើន” និងត្រៀមគ្រប់មធ្យោបាយទាំង មនុស្ស សម្ភារ និងថវិកា ដើម្បីគាំទ្រ
៣. គណៈឃោសនា អប់រំ, គណៈត្រួតពិនិត្យ និងគណៈកម្មាការគណបក្សមូលដ្ឋាន ត្រូវបន្តអនុវត្តរបបប្រជុំឱ្យបានទៀងទាត់ ដើម្បីជាធាតុចូលសម្រាប់លេខាធិការដ្ឋានដាក់បញ្ចូលក្នុងរបាយការណ៍បូកសរុបរបស់គណៈកម្មាធិការគណបក្សក្រសួង
៤. ត្រូវបន្ដចុះមូលដ្ឋានដូចចលនាភ្លៀងរលឹមនៅតាមមូលដ្ឋានឃុំ និងភូមិ ដើម្បីផ្សព្វផ្សាយគោលនយោបាយគណបក្ស, ទប់ស្កាត់នយោបាយជ្រុលនិយមរបស់ពួកអគតិ ក្ដាប់ការងារសតិអារម្មណ៍របស់មហាជន និងបង្កើនភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ៕