ឯកឧត្តមទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបសេដ្ឋ នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា និងពិធីរាប់បាត្រព្រះសង្ឃចំនួន៤៦អង្គ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធប្រជាពលរដ្ឋខ្មែរ ដែលបានស្លាប់បាត់បង់ជីវិតក្នុងរបប៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។
កម្មវិធីនេះប្រារព្ធធ្វើឡើងនៅវិមាននៃការចងចាំ ស្ថិតក្នុងភូមិត្រពាំងពើក ឃុំកាត់ភ្លុក ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ និងមានការចូលរួមពីថ្នាក់ដឹកនាំ ក្រុមការងារចុះមូលដ្ឋាន និងលោក សំអឿន សុបញ្ញា អភិបាលស្រុក ព្រមទាំងថ្នាក់មូលដ្ឋានប្រមាណ ៣០០នាក់ ។
នាឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី អៀង ម៉ូលី បានលើកឡើងថា ការរៀបចំទិវាជាតិនៃការចងចាំ ២០ ឧសភា គឺជាទិវាដែលរំលឹកដល់ជនរងគ្រោះ និងការឈឺចាប់ក្នុងរបបខ្មែរក្រហម ហើយត្រូវបានប្រារព្ធឡើងទូទាំងប្រទេស។ គោលបំណងសំខាន់គឺដើម្បីឧទ្ទិសកុសលដល់អ្នកស្លាប់ លើកតម្កើងការចងចាំ និងធានាថាកម្ពុជាមិនវិលត្រឡប់ទៅកាន់របបដ៏ឃោរឃៅបែបនេះទៀតទេ។ ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋបានអំពាវនាវឱ្យចូលរួមថែរក្សាសន្តិភាព និងប្រឆាំងរាល់ទង្វើដែលនាំឱ្យមានការបែកបាក់ជាតិ និងគាំទ្រការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងសង្កត់ធ្ងន់ថា ទិវាជាតិនៃការចងចាំ ថ្ងៃទី២០ ខែឧសភា យើងទាំអស់គ្នាសម្ដែងនូវការអរគុណសន្តិភាព, អរគុណនយោបាយឈ្នះឈ្នះ, និងដឹងគុណស្ថាបនិកមគ្គុទេសក៏ឯក និងប្រតិបត្តិករនៃនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព ឯកភាព ជាតិពេញលេញ ដោយការយកជីវិតធ្វើជាដើមទុន របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត។
ជាមួយគ្នានេះបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនាស្រឡាញ់ជ្រាលជ្រៅនិងពរសព្ទសាធុការពីសំណាក់ ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះឈ្នះ បិតាស្ថាបនិកសន្តិភាពនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានគណបក្ស និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាទាំងអស់ដែលមានវត្តមានក្នុងពិធីនេះ។
ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងថា ការចូលរួមប្រារព្ធទិវាចងចាំ គឺពិតជាមានសារៈសំខាន់ណាស់ សម្រាប់អនាគតកូនចៅជំនាន់ក្រោយ ដែលទិវានេះមិនគ្រាន់តែរំលឹកអតីតកាលប៉ុណ្ណោះទេ ប៉ុន្តែជាមេរៀនប្រវត្តិសាស្ត្រនៃការបែកបាក់ និងឈឺចាប់ ដែលដានប្រវត្តិសាស្ត្រត្រូវតែចៀសវាងមិនឱ្យកើតមាននាពេលបច្ចុប្បន្ន និងពេលអនាគត ៕