ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម NGUYEN MINH VU ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅកម្ពុជា កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០២៥។ ជំនួបនេះធ្វើឡើងក្នុងគោលបំណងរឹតចំណងមិត្តភាពកម្ពុជា-វៀតណាម ជាពិសេសលើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
ក្នុងជំនួបដ៏សំខាន់នេះ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យស្នូលរបស់ក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ក៏ដូចជាបំណងប្រាថ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍន៍ទីក្រុង ការគ្រប់គ្រងដីធ្លី និងបទប្បញ្ញត្តិសំណង់។







