ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីភាពចូលរួមសិក្ខាសាលា ពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការគណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាពចូលរួមសិក្ខាសាលាពិនិត្យឡើងវិញ និងវិភាគមុខងាររចនាសម្ព័ន្ធនៃក្រសួងព័ត៌មាន។

ពិធីនេះមានការចូលរួមពីសំណាកឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំងពីរ និងមន្ទីរព័ត៌មានទាំង២៥ រាជធានី-ខេត្ត ព្រមទាំងតាមប្រព័ន្ធអនឡាញ។

នាឱកាសនោះឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា កំណែទម្រង់រដ្ឋបាលសាធារណៈជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្នុងការបន្តពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្ម ស្ថាប័នរដ្ឋឱ្យក្លាយទៅជារដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បី លើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឆ្លើយតបនឹងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ជាពិសេសការកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០២៣ និងឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គសិក្ខាសាលាថា នៅឆ្នាំ២០២៤-២០២៥ ក្រសួងព័ត៌មាន មានបម្រែប្រួលស្ថានភាពមន្ត្រីរាជការមួយចំនួនរួមមាន៖ ភាពទំនេរគ្មានបៀវត្សន៍ ការស្ថិតនៅក្នុងក្របខណ្ឌដើម និងការលុបឈ្មោះមន្ត្រីរាជការចេញពីក្របខណ្ឌចំនួន ០៧រូប ដោយមូលហេតុអវត្តមាន ការស្នើដោយស្ម័គ្រចិត្ត និងកត្តាបញ្ញត្តិផ្សេងៗទៀត។

ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបន្ថែមថា៖ «ទោះបីជារយៈពេលជាង ៣០ឆ្នាំមកនេះ មុខងាររបស់ក្រសួងព័ត៌មាន មានការប្រែប្រួលខ្លាំង ក្រោមការវិវឌ្ឍបច្ចេកវិទ្យារបស់សង្គម ដោយគិតគូរបង្កើតអង្គភាពថ្មីបន្ថែមទៀត និងប្រព័ន្ធផ្សព្វផ្សាយបែបថ្មីក៏ដោយ ប៉ុន្តែក្រសួងព័ត៌មានគោរពយ៉ាងហ្មត់ចត់ នូវគោលការណ៍របស់រាជរដ្ឋាភិបាលដាក់ចេញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយបានសិក្សា រៀបចំ ក្រសួងបានកែសម្រួលរចនាសម្ព័ន្ធឱ្យបានរៀបរយ ដោយផ្អែកលើរចនាសម្ព័ន្ធដែលមានស្រាប់ តាមអភិក្រម «ពង្រឹងជាជាងពង្រីក» និង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅប្រែក្លាយក្រសួងព័ត៌មាន ឱ្យទៅស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ»

បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា ក្រសួងព័ត៌មាន មានគោលបំណងប្រែក្លាយខ្លួនទៅជាស្ថាប័នទំនាក់ទំនងសាធារណៈ របស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។

ក្រសួងព័ត៌មាន បានវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ខ្លួនដោយយកចិត្តទុកដាក់បំផុត និងបានកំណត់មុខងារស្នូល និងមុខងាររងរបស់ខ្លួន ស្របតាមអនុសាសន៍នៃមន្ត្រីជំនាញ និងការចង្អុលបង្ហាញរបស់គណៈកម្មការកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងនោះមុខងារទី១ គឺដឹកនាំ និងគ្រប់គ្រងវិស័យព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និងមុខងារទី២ គឺដឹកនាំ និងសម្របសម្រួលកិច្ចការសាធារណៈជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ។ ក្រោយពីវិភាគមុខងារចប់ ក្រសួងព័ត៌មាន បានរៀបចំឡើងវិញនូវសេចក្តីព្រាងអនុក្រឹត្យស្តីពី ការប្រព្រឹត្តទៅរបស់ក្រសួងព័ត៌មាន សំដៅដល់ការកែសម្រួល និងបំពាក់បន្ថែមមុខងារ ភារកិច្ច ឬរចនាសម្ព័ន្ធចាស់ ដោយច្របាច់នាយកដ្ឋានមួយចំនួនរួមបញ្ចូលគ្នា ឱ្យស្របទៅនឹងកម្មវិធីកំណែទម្រង់វិស័យព័ត៌មានរបស់ខ្លួន ដែលបានដាក់ចេញក្នុងនីតិកាលទី៧ នៃរដ្ឋសភា ស្របទៅនឹងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល។

សូមជម្រាបថា សិក្ខាសាលានេះ មានបទបង្ហាញរបស់ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ចំនួនពីររូបរួមមានទី១៖ ការបង្ហាញពីដំណើរការ នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដោយលោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងទី២៖ ការបង្ហាញពីការងារបំពេញគ្នា គាំទ្រគ្នា និងជំរុញការអនុវត្តការងាររួមគ្នា ក្នុងក្របខណ្ឌការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ រួមទាំងមានការចោទសួរពីសិក្ខាកាមមកកាន់វាគ្មិនទាំង២រូប ឱ្យកាន់តែមានភាពស៊ីជម្រៅ ព្រមទាំងទទួលបាននូវគោលការណ៍ណែនាំ និងតម្រង់ទិសដ៏ត្រឹមត្រូវពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដើម្បីជំរុញ និងពង្រឹងប្រសិទ្ធភាព ការអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ នៅក្នុងអធិការកិច្ចឱ្យកាន់តែប្រសើរបន្ថែមទៀត៕