នៅទីក្រុងហ្សីបូប្រទេសចិននារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ដស្វាយរៀងបានអញ្ជេីញចូលរួមកម្មវិធីសន្និសីទខេត្ត-ក្រុងមេត្រីភាពអន្តរជាតិ ខួបលើកទី៤០ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលមានការចូលរួមពីលោក Ma Xiaolei លេខាបក្សក្រុងហ្សីបូ លោក Zhao Qingwen អភិបាលក្រុងហ្សីបូ លោក លោកស្រី ជាថ្នាក់ដឹកនាំខេត្ត ក្រុង នៃបណ្តាប្រទេសនានាជាច្រេីនទៀត សរុបប្រមាណ៤០០នាក់។
ឯកឧត្តមអភិបាលខេត្តបានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តស្វាយរៀង ពិតជាមានកិត្តិយស និងក្ដីសោមនស្សរីករាយដោយបានមកចូលរួមក្នុងសន្និសីទខេត្ត-ក្រុងមេត្រីភាពអន្តរជាតិ ខួបលើកទី៤០ សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ដែលរៀបចំឡើងនៅក្រុងហ្សីបូ ខេត្តសានដុង ដ៏ស្រស់ត្រកាលនាពេលនេះ និងសូមវាយតម្លៃខ្ពស់ និងសូមសម្ដែងនូវជំនឿជឿជាក់យ៉ាងមុតមាំថា វេទិកា សន្និសីទខេត្ត-ក្រុងមេត្រីភាពអន្តរជាតិនេះ គឺពិតជាផ្ដល់នូវសារៈសំខាន់ខ្លាំងណាស់ ដើម្បីពង្រឹង និងពង្រីកសហប្រតិបត្តិការលើគ្រប់វិស័យ ហើយក៏ជាឱកាសដ៏ល្អសម្រាប់ថ្នាក់នាំ នៃបណ្ដាខេត្ត-ក្រុង អាចមកនៅជិតគ្នា បានស្គាល់គ្នា ជួបប្រាស្រ័យទាក់ទងគ្នា ផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញ ទៅមកក្នុងក្របខ័ណ្ឌ នៃការដឹកនាំ និងការអភិវឌ្ឍមូលដ្ឋានរៀងៗខ្លួន ដើម្បីបង្កើតនូវចំណងមិត្តភាព មេត្រីភាព និងកិច្ចសហប្រតិបត្តិការល្អ នាពេលខាងមុខ។
ឯកឧត្តមបន្តទៀតថា ចំណងទំនាក់ទំនងជាប្រវត្តិសាស្ត្រ រវាងប្រទេសទាំងពីរកម្ពុជា-ចិន គឺបានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ មិនតិចជាង ២០០០ឆ្នាំ នោះទេ។ ដោយឡែកក្នុងសម័យទំនើប ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាប្រទេសទាំងពីរនៅតែបន្តរក្សាបាននូវចំណងមិត្តភាពដែកថែបដ៏រឹងមាំ និងបានឈានដល់កម្រិតខ្ពស់ថ្មីមួយទៀតគឺ “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” ដើម្បីជំរុញការអភិវឌ្ឍ ប្រកប ដោយចីរភាព គាំទ្រគ្នាទៅវិញទៅមកការពារផលប្រយោជន៍ស្នូល ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់និងពិភពលោកផងដែរ។
ឯកឧត្តមបញ្ជាក់ទៀតថា កាលពីឆ្នាំ២០២៤ ក្រុងស្វាយរៀង (ប្រទេសកម្ពុជា) បានចាប់ផ្ដើមក្នុងការឈានទៅចងនូវសម្ព័ន្ធមិត្តភាព មេត្រីភាព ជាមួយនិងក្រុងហ្សីបូ (ប្រទេសចិន )ហើយកាលពីពេលថ្មីៗនេះយើងក៏បានទទួលនូវគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចុះហត្ថលេខាលើលិខិតផ្ដួចផ្ដើមជាមួយនិងខេត្តសានដុង ជាជំហានឈានទៅចុះអនុស្សរណៈយោគយល់គ្នា (MOU)ដើម្បីចងសម័្ពន្ធមេត្រីភាពនាពេលខាងមុខផងដែរ។






























