ឯកឧត្តម មាស សុភា និងឯកឧត្តម កែប ជុតិមា ដឹកនាំប្រតិភូគោរពវិញ្ញាណក្ខន្ធសពលោកព្រិន្ទបាលឯក សួន រ៉ាន ដែលពលីជីវិតនៅសមរភូមិមុំបី ខេត្តព្រះវិហារ


ឯកឧត្តម មាស សុភា អ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឯកឧត្តម កែប ជុតិមា តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិមុខងារសាធារណៈនៃរដ្ឋសភា នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំប្រតិភូអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកព្រិន្ទបាលឯក សួន រ៉ាន ដែលបានពលីជីវិតនៅតំបន់មុំបី ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយសារការប៉ះទង្កិចគ្នារវាងកងទ័ពកម្ពុជា-ថៃ។

ឯកឧត្តម មាស សុភា និងឯកឧត្តម កែប ជុតិមា បានចាត់ទុកថា ការបាត់បង់ ព្រឹន្ទបាលឯក សួន រ៉ោន ជាការបាត់បង់នូវកូនប្រុស បងប្រុស ប្អូនប្រុសជាទីស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌ចំពោះ ក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវយោធិនស្នេហាជាតិដ៏បរិសុទ្ធ ដែលបានលះបង់អស់ពីកម្លាំងកាយចិត្តបញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេស លោកបាន រួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្ត របស់ប្រជាជនកម្ពុជានៃយើង។

ឯកឧត្តម មាស សុភា និងឯកឧត្តម កែប ជុតិមា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ព្រិន្ទបាលឯក សួន រ៉ោន សូមឱ្យឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕