រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំគណៈប្រតិភូ ចូលរួមរំលែកទុក្ខគ្រួសារសពព្រិន្ទបាលឯក សួន រ៉ោន ដែលពលីដោយសារការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ


នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដឹកនាំគណៈប្រតិភូសុខាភិបាល អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ចំពោះក្រុមគ្រួសារសពព្រិន្ទបាលឯក សួន រ៉ោន ដែលបានពលីកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៤៨ឆ្នាំ។

សពត្រូវបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅ ទីបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ៩ ស្ថិតក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ត។

ក្នុងវេលាដ៏សែនក្ដុកក្ដួលបំផុតនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវក្តីស្លុតរន្ធត់ចំពោះឧបទ្ទវហេតុដែលបានកើតឡើងនេះ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមសារនៃសព ដែលបាត់បង់កូនជាទីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ មានអត្តចរិតស្លូតបូត សុភាពរាបសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោក សួន រ៉ោន បានទៅចាប់កំណើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ការលាចាករបស់ ព្រិន្ទបាលឯក សួន រ៉ោន ជាការបាត់បង់វីរៈយុទ្ធជនកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានពលីជីវិតក្នុងបេសកកម្មបម្រើជាតិ មាតុភូមិ ជាពិសេសបានរួមចំណែកយ៉ាងសកម្ម នៅក្នុងកិច្ចការពារអធិបតេយ្យភាព បូរណភាពទឹកដី ដើម្បីសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាជនកម្ពុជា៕