នៅរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បុរសខ្លាំងតេជោសែន បានចេញមកបញ្ជាក់៣ចំណុច និងបញ្ជាក់ច្បាស់ៗថា ទីតាំងដែលកម្ពុជាធ្លាប់កាន់កាប់ គឺមិនអាចដកទ័ពចេញពីទឹកដីរបស់ខ្លួនដែលធ្លាប់កាន់កាប់កន្លងមកឡើយ។ នេះបើតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ ហ៊ុន សែន។
ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងរបស់ បុរសខ្លាំងតេជោសែន កម្ពុជា បានបង្ហាញយ៉ាងដូច្នេះថា៖
«នៅក្នុង Facebook របស់ខ្ញុំ ត្រូវបានពួកជ្រុលនិយមថៃចូលមកជេរប្រមាថ ដែលជាចេតនាចង់បំផ្លាញទំទាក់ទំនងល្អរវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ថៃ និងចង់ដុតកំដៅឲ្យមានការប្រយុទ្ធគ្នារវាងកងទ័ពប្រទេសទាំងពីរ។ ក៏មានជនជាតិថៃមួយចំនួន ចង់ឲ្យកម្ពុជាដកកងទ័ពចេញពីតំបន់ដែលកងទ័ពកម្ពុជាកំពុងឈរជើង។
ដើម្បីជៀសវាងការវង្វេងប្រវត្តិសាស្ត្រ ខ្ញុំសូមបញ្ជាក់លើ៣ចំណុចដូចខាងក្រោម៖
១. តំបន់មុំបីនេះ ជាទឹកដីកម្ពុជា និងត្រូវបានកងទ័ពកម្ពុជាឈរជើងតាំងពីមុនកិច្ចព្រមព្រៀងប៉ារីសទៅទៀត មានន័យថាមុន MoUឆ្នាំ២០០០ ប្រហែល ១៣ឬ១៤ឆ្នាំ។ អ៊ុនតាក់ប្រហែលជាអាចធ្វើសាក្សីបាន ហើយបើមិនច្បាស់ កម្ពុជា និងថៃ អាចព្រមព្រៀងគ្នាយកបញ្ហានេះ អមដោយផែនទីផ្លូវការដែលអន្តរជាតិទទួលស្គាល់ (មិនមែនជាផែនទីចោរដែលគូសខ្លួនឯងដើម្បីលួចដី) ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិឡាអេ ដើម្បីបញ្ចប់សេចក្តីក្រោមយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែង និងដើម្បីសេចក្តីសុខ និងសាមគ្គីភាពនៃអ្នកជំនាន់ក្រោយកុំឲ្យមានរឿងច្រំដែលកើតឡើងបន្តទៀត។
២. រូបថតប៉ុន្មានសន្លឹកដែលខ្ញុំនិងភរិយាព្រមទាំងសហការីបានទៅកាន់តំបន់នោះ កាលពីជាង១៥ឆ្នាំមុន គឺជាភស្តុតាងកាន់តែច្បាស់បញ្ជាក់ថាជាទឹកកម្ពុជា។ ខ្ញុំមិនអាចស្លៀកពាក់យោធាទៅថតក្នុងទឹកដីថៃ ឬទឹកដីឡាវនៅតំបន់នោះបានទេ ពិតមែនតែពេលនោះ ខ្ញុំទទួលកងទ័ពឡាវនៅក្នុងរោងបុណ្យនេះ (រោងនេះត្រូវបានភ្លើងឆេះកាលពីប៉ុន្មានឆ្នាំមុន)។
៣. កម្ពុជាមិនអាចដកកងទ័ពចេញពីទឹកដីរបស់ខ្លួនតាមការទាមទាររបស់ភាគីថៃបានឡើយ។ ក្បួនបែបនេះ គឺជាក្បួនដែលអតីតនាយករដ្ឋមន្ត្រីថៃ អាភិសិដ្ឋ វេចាជីវ៉ា និយាយមកកាន់ខ្ញុំ ចំពោះមុខប្រធានាធិបតីឥណ្ឌូណេសុី កាលពីខ្ញុំពី២០១១ ថា សូមភាគី២ដកកងទ័ពចេញពីតំបន់ប្រាសាទព្រះវិហារទាំងអស់គ្នា។ ខ្ញុំនិយាយទៅកាន់ អាភិសិដ្ឋ វិញថា ខ្ញុំមិនអាចដកកងទ័ពចេញទឹកដីខ្លួនឯងបានទេផ្ទុយទៅវិញឯកឧត្តមត្រូវដកកងទ័ពឈ្លានពានរបស់ឯកឧត្តមចេញដោយគ្មានលក្ខខណ្ឌ។
ការកើតឡើងនៅមុំបីចំនួន៣ថ្ងៃមកនេះ គឺរឿងច្រំដែលនៃល្បិចកលដែលចង់យកដីពីកម្ពុជា ដោយមេបញ្ជាការថ្នាក់ក្រោម ដោយមានការគាំទ្រពីក្រុមនិយមជ្រុលរបស់ថៃផងដែរ»៕