ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់៖ កម្ពុជាក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យ និងឯករាជ្យ មិនមែនចេះតែគាំទ្រ នូវគំនិតផ្តួចផ្តើមរបស់មហាអំណាចនោះទេ


ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យ និងឯករាជ្យ មិនមែនចេះតែគាំទ្រនូវគំនិតផ្តួចផ្តើមរបស់មហាអំណាចនោះទេ។

ឯកឧត្តមបានថ្លែងថា ជប៉ុនជាមហាអំណាចសេដ្ឋកិច្ច ពិភពលោកទី៣ ម្ល៉ោះហើយប្រទេសនេះ ដែលជាសម្ព័ន្ធមិត្តអាមេរិក មានឥទ្ធិពលភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក បានវិនិយោគយ៉ាងធំធេង លើវិស័យសហប្រតិបត្តិការក្នុងតំបន់ ពិសេសអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ជារួម ជប៉ុន មានតួនាទីតំបន់ និងអន្តរជាតិ។

ឯកឧត្តមរដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា «កម្ពុជាក្នុងនាមជាប្រទេសមួយដែលមានអធិបតេយ្យ និងឯករាជ្យ មិនមែនចេះតែគាំទ្រ នូវគំនិតផ្តួចផ្តើមរបស់មហាអំណាចតំបន់ ឬមហាអំណាចពិភពលោកនោះទេ។ កម្ពុជា មានគោលការណ៍ ទោះនោះជាប្រទេសណាក៏ដោយ មិនសមស្របនឹងគោលការណ៍កម្ពុជា កម្ពុជាមិនគាំទ្រទេ»

បើតាម ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ កម្ពុជា បានគាំទ្រយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកសេរីជប៉ុន ដោយសារវាស្របនឹងគោលការណ៍កម្ពុជា ដែលមាន៣ គឺ ១៖ រួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់, ២៖ មិនត្រូវប្រឆាំងនឹងប្រទេសណាមួយក្នុងតំបន់ និងទី៣ គាំទ្រដល់មជ្ឈភាពអាស៊ាន៕