នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ នេះ ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានបន្តដឹកនាំប្រតិភូខេត្តចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអភិបាលខេត្តសាឡាវ៉ាន់ ប្រទេសឡាវ នៅសាលាខេត្តសាឡាវ៉ាន់ ។
ឯកឧត្តម ស៊ី សុវណ្ណវង្សចមស៊ី អភិបាលខេត្តសាឡាវ៉ាន់ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនៈកិច្ចរបស់ប្រតិភូខេត្តរតនគិរី នាឱកាសនេះ ឯកឧត្តមចាត់ទុកថា នេះជាការចាប់ផ្តើមមួយសម្រាប់ធ្វើការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងខេត្តអត្តពឺ (ឡាវ) និងខេត្តរតនគិរី (កម្ពុជា) នាពេលខាងមុខ ទោះបីជាខេត្តទាំងពីរមិនជាប់ព្រំប្រទល់គ្នា តែមិត្តភាព ទំនាក់ទំនងនៅតែកើតមាន ក្នុងនាមខេត្តស្ថិតនៅក្នុងតំបន់CLVតែមួយ ។
ឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្តសាឡាវ៉ាន់ ដែលបានរៀបចំទទួលបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅជាទីបំផុតចំពោះប្រតិភូខេត្តរតនគិរី ដែលមានឱកាសទស្សនៈកិច្ចនៅខេត្តដែលមានប្រពៃណីដ៏ផូរផង់របស់ឯកឧត្តម ។ ជាមួយគ្នានេះឯកឧត្តមអភិបាលខេត្ត បានជម្រាបជូនអំពីសក្តានុពលខេត្តរតនគិរី ដែលជាខេត្តមួយដាច់ស្រយ៉ាល និងមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់នារយៈពេលចុងក្រោយនេះ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ រក្សាបាននូវសន្តិភាព ជាពិសេសជំរុញឲ្យមានការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន បណ្តាញអគ្គិសនី ជំរុញទីផ្សារកសិកម្ម ដើម្បីកាត់បន្ថយភាពក្រីក្រ ។ ឯកឧត្តមអភិបាលខេត្ត បានអញ្ជើញឯកឧត្តមអភិបាលខេត្តខេត្តសាឡាវ៉ាន់ ឲ្យបំពេញទស្សនៈកិច្ចផ្លូវការនៅខេត្តរតនគិរី នាពេលវេលាសមស្របណាមួយ ដើម្បីបានឃើញផ្ទាល់អំពីសក្តានុពល និងជំរុញឲ្យមានការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគរបស់ក្រុមហ៊ុនឯកជន ។