(ឧត្តរមានជ័យ)៖ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំក្រសួង ចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងការពារលេខ៤០២, ៤០៣ និងកងទ័ពជើងគោក យោធភូមិភាគទី៤ ក្នុងតំបន់ប្រតិបត្តិការសឹករងឧត្តរមានជ័យ។
ពិធីនេះក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ លោកឧត្តមសេនីយ៍ត្រី លួស ឡាញ់ នាយសេនាធិការរងយោធភូមិភាគទី៤ នៃកងការពារព្រំដែនគោក ៤០២ មេបញ្ជាការប្រចាំទិសទី៣ សំរោង លោកវរសេនីយ៍ឯក ឃួន ភិរុណ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០២ និងលោកវរសេនីយ៍ឯក ជឹម សំអោ មេបញ្ជាការកងការពារព្រំដែនគោកលេខ៤០៣ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងការពារព្រំដែនជាច្រើនរូបទៀត។
ថ្លែងនាឱកាសនេះ ឯកឧត្តម ប៉េង ពោធិ៍នា បានបង្ហាញសេចក្តីរីករាយយ៉ាងក្រៃលែង ដែលបានមកជួបសំណេះសំណាល និងសួរសុខទុក្ខផ្ទាល់ជាមួយបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន នៃកងការពារព្រំដែន លេខ៤០២, ៤០៣ និងកងទ័ពជើងគោក យោធភូមិភាគទី៤ ដើម្បីផ្ដល់ការគាំទ្រលើកទឹកចិត្ត ព្រមទាំងឧបត្ថម្ភជាសម្ភារ និងថវិកាមួយចំនួនដល់បងប្អូនកងកម្លាំងការពារព្រំដែន ដែលឈរជើងនៅសមរភូមិជួរមុខ និងដើម្បីបង្ហាញអំពីភាពរួបរួមគ្នាជាធ្លុងមួយដ៏រឹងមាំនៃខឿនការពារជាតិរបស់កម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏ដូចជាសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជូនចំពោះបងប្អូនយុទ្ធជនទាំងអស់គ្នា ហើយក៏សូមថ្លែងអំណរគុណ និងកោតសរសើរដោយស្មោះចំពោះវីរភាពរបស់កងទ័ព និងគ្រប់បណ្តាកងកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់យ៉ាងធំធេងទាំងសាច់ស្រស់ ឈាមស្រស់ និងឃ្លាតឆ្ងាយពីក្រុមគ្រួសារជាទីស្រឡាញ់ ដើម្បីបុព្វហេតុការពារទឹកដី មាតុភូមិ។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើដល់បងប្អូនកងទ័ព និងកងការពារព្រំដែនទាំងអស់ ថែរក្សាសុខភាព និងបន្តពង្រឹងស្មារតីឱ្យបានខ្ជាប់ខ្ជួនក្នុងកិច្ចការពារអធិបតេយ្យ និងបូរណភាពទឹកដី ដើម្បីសេចក្ដីសុខក្សេមក្សាន្ត របស់ប្រទេសជាតិយើង និងសូមជឿជាក់លើរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន ព្យាយាមដោះស្រាយឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមនោះឡើយ ត្រូវរួបរួមគ្នាជាធ្លុងមួយ ដើម្បីទប់ស្កាត់ និងបំផ្លាញមហិច្ឆតា នយោបាយរបស់ក្រុមជ្រុលនិយមមួយក្ដាប់តូច ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងយកបញ្ហាព្រំដែនជារបៀបវារៈបម្រើនយោបាយទុច្ចរិតរបស់ខ្លួន៕