ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាមេក្រុមបក្ស ចំនួន ៤ ភូមិ នៅឃុំឈូកស ស្រុកកំពង់ត្រឡាច


នៅថ្ងៃអាទិត្យ ៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការគណបក្សថ្នាក់កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជើញសំណេះសំណាលជាមួយសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ជាមេក្រុមបក្ស ចំនួន ៤ ភូមិ នៅឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សមាជិកសមាជិកាជាមេក្រុមបក្ស ទាំង ៤ ភូមិ អញ្ជើញមកពីភូមិច្រករមៀត ភូមិព្រៃពិស ភូមិអូររូង និងភូមិក្រសះស្ត្រថ្មី សរុបចំនួន ៩៥ នាក់ ដោយរៀបចំធ្វើឡើងនៅស៊ូរ៉ាវតូច ស្ថិតនៅភូមិច្រករមៀត ឃុំឈូកស និងមានការអញ្ជើញចូលរួមពីលោកជំទាវ កុប ម៉ារីយ៉ាស ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ ឯកឧត្តម សេន ម៉ាត់ណូ លោក វន ស៊ីផា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក សមាជិក សមាជិកាគណៈកម្មាធិការគណបក្សស្រុកកំពង់ត្រឡាច និងសមាជិកសមាជិកាគណៈកម្មការគណបក្សឃុំឈូកស សរុបចំនួន១០៨នាក់ ។ 

ពិធីសំណេះសំណាលនេះប្រារព្ធធ្វើឡើង ក្នុងគោលបំណងជួបជុំ ស្វែងយល់ និងស្គាល់ពីគ្នាឱ្យកាន់តែច្បាស់ ថាអ្នកណាជាមេក្រុមបក្ស និងអ្នកណាជាសមាជិកសមាជិការបស់ខ្លួន ដើម្បីជាមូលដ្ឋានក្នុងការក្តាប់ព័ត៌មានកូនក្រុមឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្សព្វផ្សាយព័ត៌មាននានាឱ្យចំគោលដៅផងដែរ។ ក្រៅពីនោះ ឯកឧត្ដមបណ្ឌិត ក៏បានមានប្រសាសន៍ណែនាំដល់មេក្រុមបក្សទាំងអស់ ត្រូវធ្វើបច្ចុប្បន្នភាព និងពិនិត្យផ្ទៀងផ្ទាត់បញ្ជីឈ្មោះមេក្រុមបក្ស និងសមាជិកសមាជិកា និងត្រូវកៀរគរប្រមូលយុវជនយុវនារីក្នុងមូលដ្ឋាន ដែលគ្រប់អាយុបោះឆ្នោត ឱ្យចូលរួមជីវភាពបក្សឱ្យកាន់តែមានសម្លេងគាំទ្រយ៉ាងខ្លាំងក្លា។ 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត បានសួរនាំបងប្អូនប្រជាពលរដ្ឋ និងសិក្សាស្វែងយល់ពីការប្រកបមុខរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋនៅក្នុងឃុំឈូកស និងដោះស្រាយនូវរាល់បញ្ហាទុក្ខលំបាក និងសំណូមពរនានាផងដែរ។ បន្ថែមពីលើនោះ ឯកឧត្ដមបណ្ឌិត ក៏បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ គណៈកម្មការគណបក្សឃុំ ត្រូវតាមដាន និងពិនិត្យឱ្យបានល្អិតល្អន់ពីសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសត្រូវចេះពន្យល់ណែនាំប្រជាពលរដ្ឋឱ្យសម្អាតបរិស្ថានតាមផ្ទះ និងតាមទីសាធារណៈជាប្រចាំ ដើម្បីសោភ័ណភាពក្នុងមូលដ្ឋានទាំងមូល។ ជាកិច្ចបញ្ចប់នៃពិធីជួបសំណេះសំណាលនោះ ឯកឧត្តមបណ្ឌិត បានឧបត្ថម្ភថវិកាមួយចំនួន ជូនដល់មេក្រុមបក្សចំនួន ៩៥ នាក់ និងបានទទួលទានអាហារសាមគ្គីដោយក្ដីសប្បាយរីករាយ៕