ព្រឹទ្ធសភា អនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឱ្យបណ្ដាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន២៤ច្បាប់ និងសេចក្តីព្រាងច្បាប់ស្តីពីជលផល


ព្រឹទ្ធសភាកម្ពុជា បានអនុម័តទាំងស្រុង លើសេចក្តីព្រាងច្បាប់ចំនួន២ ក្នុងនោះមាន ទី១៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល ឱ្យបណ្ដាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន២៤ច្បាប់ និងទី២៖ សេចក្តីព្រាងច្បាប់ស្តីពីជលផល។

ការអនុម័តនេះធ្វើឡើងនៅក្នុងឱកាសព្រឹទ្ធសភា បន្តសម័យប្រជុំ លើកទី៣ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបណ្ដាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនី ចំនួន២៤ច្បាប់ រៀបចំឡើងក្នុងគោលបំណងដើម្បីផ្ដល់ការធានាទូទាត់របស់រាជរដ្ឋាភិបាលដល់គម្រោងថាមពលអគ្គិសនីចំនួន២៤ ដែលជាឧបករណ៍ដ៏សំខាន់ដើម្បីធានាការឈានទៅសម្រេចបាននូវការផ្គត់ផ្គង់ថាមពលក្នុងរយៈពេលចំពោះមុខដល់ឆ្នាំ២០២៨ ស្របនឹងគោលនយោបាយយុទ្ធសាស្ត្រមេអភិវឌ្ឍន៍អគ្គិសនី ឆ្នាំ២០២២-២០៤០។

សេចក្តីព្រាងច្បាប់ទាំង២៤នេះ ជាលទ្ធផលនៃការខិតខំប្រឹងប្រែងនិងការប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលចាប់តាំងពីនីតិកាលទី៦ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងអនុវត្តបន្តដ៏ខ្ជាប់ខ្ជួនដោយរាជរដ្ឋាភិបាល នីតិកាលទី៧ ដឹកនាំដោយសម្ដេចបវរធិបតីហ៊ុន ម៉ាណែត ក្នុងការកៀរគរស្វែងរកអ្នកវិនិយោគនិងការផ្តល់ហិរញ្ញប្បទានដល់គម្រោងនីមួយៗចាប់តាំងពីឆ្នាំ២០១៩ នៅពេលដែលមានការប្រែប្រួលនៃលទ្ធភាពផ្គត់ផ្គង់ថាមពលអគ្គិសនីនិងការកើនឡើងនូវតម្រូវការនៃការប្រើប្រាស់ឆ្លើយតបទៅនឹងកំណើនសេដ្ឋកិច្ចជាតិ។ សេចក្តីព្រាងច្បាប់នីមួយៗ តាក់តែងឡើងមាន២មាត្រា ត្រូវបានរដ្ឋសភាកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូលកាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧។

បើតាមសេចក្តីប្រកាសរបស់ព្រឹទ្ធសភា គឺក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៤រូប បានឡើងមានយោបល់រួចមក លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នីមួយៗ ដោយឥតកែប្រែចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។

ចំណែកសេចក្តីព្រាងច្បាប់ស្តីពីជលផល ត្រូវបានតាក់តែងឡើងក្នុងគោលបំណង គ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀងប្រកបដោយនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន ព្រមទាំងការពារសិទ្ធិនិងផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាមបរិបទនៃការរីកចម្រើនសេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រងនិងអភិរក្សធនធានជលផលប្រកបដោយនិរន្តរភាពក្នុងក្របខ័ណ្ឌតំបន់និងអន្តរជាតិ ជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ។

សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងមាន១៥ជំពូក ១០៤មាត្រា និងមានឧបសម្ព័ន្ធចំនួន២ ត្រូវបានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមជាលើកដំបូងចំនួន ១០៣សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភា
លើកទី៤ នីតិកាលទី៧។

សេចក្តីប្រកាសព្រឹទ្ធសភា បានឱ្យដឹងទៀតថា ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ៦រូប បានឡើងមានយោបល់រួចមក លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឆ្លើយបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែចំនួន ៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕