ថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ ក្រោមការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំដ៏សំខាន់មួយជាមួយប្រធានអង្គការ IFAD ប្រចាំប្រទេសកម្ពុជា ដើម្បីពិភាក្សាអំពីគម្រោង CAISAR ដែលគ្រោងនឹងអនុវត្តក្នុងពេលឆាប់ៗខាងមុខនេះ។
នៅក្នុងកិច្ចប្រជុំនោះ អង្គការ IFAD បានបង្ហាញការយល់ព្រមចំពោះសំណើរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការបន្តពង្រឹង និងពង្រីកវិស័យឧតុនិយម និងនិទ្បសាស្ត្រនៅក្នុងប្រទេសកម្ពុជា។ ជាពិសេស តាមរយៈគម្រោង CAISAR នេះ នឹងធ្វើឱ្យតួនាទីរបស់មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹក និងឧតុនិយមកាន់តែមានសារៈសំខាន់នៅក្នុងអង្គការសហប្រជាជាតិ UNWMO និង ICAO ផងដែរ។
លើសពីនេះ អង្គការ IFAD ក៏បានប្តេជ្ញាចិត្តសហការជាមួយ MFI ដើម្បីពង្រីកសកម្មភាពក្នុងវិស័យឧតុនិយមឱ្យកាន់តែសកម្ម និងខ្លាំងក្លាថែមទៀត។ គោលបំណងសំខាន់នៃការសហការនេះគឺដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមដល់គ្រប់វិស័យទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដោយឈរលើគោលការណ៍ឯករាជ្យភាព ឧត្តមភាព និងនិរន្តរភាព។
កិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម និងអង្គការ IFAD នេះ ត្រូវបានគេមើលឃើញថា នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យឧតុនិយម និងនិទ្បសាស្ត្រ ដែលជាកត្តាចាំបាច់សម្រាប់ការគ្រប់គ្រងធនធានទឹក ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយធម្មជាតិ និងការគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៅកម្ពុជា៕