នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋថៃទាំងអស់ ដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា សូមមានការយោគយល់ និងបន្តខិតខំធ្វើការរកសុី ពោលបញ្ហារវាង កម្ពុជា-ថៃ នាពេលនេះជាបញ្ហាកងទ័ពប៉ុណ្ណោះ។
ក្នុងអញ្ជើញជាអធិបតីក្នុងកម្មវិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួបលើកទី៤៧ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ យើង សូមកុំរើសអើងដល់ជនជាតិថៃ។
នាយឧត្តមសេនីយ៍ ទៀ សីហា ថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមឲ្យអាជីវករថៃ អ្នកវិនិយោគថៃដែលនៅក្នុងប្រទេសកម្ពុជា សូមមេត្តារក្សាភាពអត់ធ្មត់បន្តិច កម្ពុជាមិនចង់ទេ ខ្ញុំថា […] ជាបញ្ហាកងទ័ព និងកងទ័ពដែលត្រូវបន្តដោះស្រាយរួមគ្នា»។
បើតាមការលើកឡើងរបស់ ឧបនាយករដ្ឋមន្ត្រី ទៀ សីហា, ចំពោះអាជីវករថៃ ដែលកំពុងប្រកបអាជីវកម្មនៅក្នុងប្រទេសកម្ពុជា សូមបន្តនិរន្តភាពនៃមុខរបររបស់ខ្លួន ព្រោះកម្ពុជាក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងមូល មិនធ្វើទុកបុកម្នេញទៅកាន់ជនជាតិថៃដែលរស់នៅប្រទេសកម្ពុជាឡើយ។
នាយឧត្តមសេនីយ៍ ទៀ សីហា បានអះអាងដែរថា បញ្ហាដែលកើតរវាងកងទ័ពទាំងពីរ កម្ពុជា-ថៃ ត្រូវតែដោះស្រាយដោយកងទ័ព និងកងទ័ព មិនបានទាញប្រជាពលរដ្ឋមកជាប់ពាក់ព័ន្ធ ឬញុះញង់ឲ្យមានការរើសអើងជាតិសាសាន៍នោះឡើយ៕