លោកជំទាវ ឃួន ឃុនឌី សមាជិកគណកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកំពង់ស្វាយ ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តបន្ត នៅទីស្នាក់ការគណបក្សប្រជាជនស្រុកកំពង់ស្វាយ ដោយមានអ្នកចូលរួមប្រមាណជិត ១០០នាក់។
នាឱកាសនោះលោកជំទាវ ឃួន ឃុនឌី បានថ្លែងការកោតសរសើរចំពោះក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានចុះជាប់ជាមួយនឹងប្រជាជន និងបានបំពេញភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមដោះស្រាយ បញ្ហាជីវភាពប្រជាជននៅមូលដ្ឋាន ក៏ដូចជាសំណូមពរ និងបញ្ហាប្រឈមនានានៅក្នុងមូលដ្ឋានពិសេសរៀបចំ ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដោយរួមទាំងគម្រោងវិនិយោគសាធារណៈ និងការងារជួសជុលថែទាំងផ្លូវថ្នល់ និងប្រព័ន្ធធារាសាស្រ្ត និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
លោកជំទាវបន្តថា ការកសាង និងពង្រឹងគណបក្សតាមរយៈការពង្រឹងការដឹកនាំនៅគ្រប់ថ្នាក់, ការធ្វើជាគំរូល្អ ប្រកបដោយគុណធម៌ និងសីលធម៌, ការរៀបចំប្រព័ន្ធការងារ និងរបៀបរបបការងារ ទាំងរបបប្រជុំ របបរាយការណ៍ និងត្រួតពិនិត្យ កសាងសមាជិកគណបក្សបន្ថែម ទាំងបរិមាណ និងគុណភាព ដោយផ្តោតជាពិសេសលើយុវជនដែលជាកម្លាំងបន្តវេន លោកជំទាវបញ្ជាក់ថា ទប់ស្កាត់និងឆ្លើយតបរាល់ឧបាយកលទុច្ចរិតនានា ដែលមានបំណងចង់ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដើម្បីរក្សាសន្តិភាព និងភាពសុខសាន្តជូនប្រជាជន ត្រូវខិតខំផ្សព្វផ្សាយ ឃោសអប់រំ ពន្យល់ និងធ្វើប្រតិកម្មរហ័ស ដើម្បីទប់ស្កាត់ប្រជាជនកុំចាញ់បោកការអូសទាញ ការញុះញង់ និងការមួលបង្កាច់របស់ក្រុមអគតិនានា ហើយមិនត្រូវទុកឱ្យមានលំហរដល់ពួកនេះធ្វើសកម្មភាពឡើយ។
លោកជំទាវ បានផ្តល់នូវគោលការណ៍ណែនាំមួយចំនួនផងដែរ ពាក់ព័ន្ធការងារពង្រឹង និងកសាងគណបក្ស ដូចជាការសាងសង់ទីស្នាក់ការគណបក្សឱ្យបានសមរម្យ និងអាចឆ្លើយតបទៅបាននឹងតម្រូវការការងារគណបក្ស, ការរៀបចំមូលនិធិក្រុមការងារនៅគ្រប់កម្រិត ដើម្បីជួយទ្រទ្រង់ដល់គណបក្សមូលដ្ឋានឱ្យមានធនធាននៅក្នុងដៃសម្រាប់បំពេញការងារចំពោះកិច្ចប្រជុំជីវភាពបក្សឃុំ ត្រូវអញ្ជើញប្រធានក្រុមការងារចុះមូលដ្ឋានឃុំ ចូលរួមដើម្បីឲ្យដឹងអំពីបញ្ហាប្រឈមលើកឡើងរបស់សមាជិករបស់ខ្លួន នៅក្នុងមូលដ្ឋានដើម្បីរាយការណ៍បញ្ហាប្រឈមឲ្យ បានច្បាស់លាស់ និងរាយការណ៍អំពីការងារដែលខ្លួនបានអនុវត្ត។
លោកជំទាវ បានបន្តណែនាំដល់មន្រ្តីគណបក្សបន្តធ្វើអំពើល្អ, អំពើត្រឹមត្រូវ, ជៀសវាងអំពើទាំងឡាយណាដែលប៉ះពាល់ដល់ប្រយោជន៍ប្រជាជន និងត្រូវបន្តខិតខំបម្រើប្រជាជន ពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ព្រមទាំងត្រូវយកចិត្តទុកដាក់ដោះស្រាយភាពអសកម្មនានា និងខិតខំអនុវត្តការងារមួយចំនួនន ដែលមានចរិតយុទ្ធសាស្រ្តយូរអង្វែង។
លោកជំទាវ ក៏បានបន្តណែនាំដល់មន្រ្តីគ្រប់លំដាប់ថ្នាក់ចាត់តាំងអនុវត្តសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានា ហើយត្រូវតៀមជួយបងប្អូនប្រជាពលរដ្ឋដែលរង់គ្រោះដោយទឹកជំនន់ នៅពេលទឹកចាប់ផ្តើមស្រក ដូចជា ពូជស្រូវ, ការស្តារហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ និងការខ្ចប់ទឹកទុកសម្រាប់ធ្វើស្រែ និងបង្កបង្កើនផលផ្សេងៗ តាមស្ថានភាពជាក់ស្តែងនិងត្រូវបន្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន, ល្បែងស៊ីសងខុសច្បាប់, ការឆបោក, សកម្មភាពក្មេងទំនើង និងបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តតំបន់បឹងទន្លេសាប និងតាមតំបន់ការពារធម្មជាតិផ្សេងទៀត ដោយអនុវត្តឱ្យបានម៉ត់ចត់បំផុត។
លោកជំទាវ ឃួន ឃុនឌី បន្តក្រើនរំលឹកដល់មន្រ្តីបក្សថា ក្នុងការបំពេញភារកិច្ច គឺត្រូវប្រកាន់ខ្ជាប់ និងគោរពឱ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ ហើយបើក្នុងករណីមានការប្រព្រឹត្តខុសឆ្គង គឺត្រូវប្រញាប់កែកំហុសរបស់ខ្លួន និងគ្រប់បណ្ដាសាខារបស់គណបក្សឃុំត្រូវពិនិត្យមើលប្រជាពលរដ្ឋដែលវិលត្រឡប់ពីប្រទេសថៃ ដោយមានការយកចិត្តទុកដាក់ទៅដល់ពួកគាត់និងរាយការណ៍មកថ្នាក់ស្រុកជាបន្ទាន់។ ម្យ៉ាងវិញទៀតត្រូវពិនិត្យមើលដល់គ្រួសារយោធិនដែលនៅជួរមុខដើម្បីដោះស្រាយសម្រួលជូនដល់ពួកគាត់៕