អភិបាលខេត្តតាកែវ៖ នៅពេលប្រទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍ យើងមិនដែលភ្លេចគុណបងប្អូនអតីតៈយុទ្ធជននោះទេ


នៅក្នុងឱកាសអញ្ជើញចូលរួមទិវាអតីតយុទ្ធជនកម្ពុជា ខួបលើកទី១៨ នៅថ្ងៃចន្ទទី២៣ ខែមិថុនា ឆ្នាំ២០២៥ អភិបាលខេត្តតាកែវ ឯកឧត្តម វ៉ី សំណាង បានលើកឡើងពីគម្រូវិរៈភាពដ៏អង់អាចក្លាហានរបស់បងប្អូន អតីតៈយុទ្ធជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ប្រឈមមុខនឹងគ្រោះថ្នាក់គ្រប់កាលៈទេសៈ ដើម្បីសង្គ្រោះប្រទេសជាតិ និងនាំឲ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍន៍គ្រប់បែបយ៉ាងដូចសព្វថ្ងៃនេះ។

ឯកឧត្តមអភិបាលខេត្តតាកែវ បានសង្កត់ធ្ងន់ថា «នៅពេលស្រុកទេសមានសុខសន្តិភាព មានការអភិវឌ្ឍន៍ យើងតែងតែនឹកដល់គុណបំណាច់បងប្អូនអតីតៈយុទ្ធជន និយាយជារួម មិនមានសម័យកាលណាយកចិត្តទុកដាក់ អតីតយុទ្ធជនដូចសម័យកាលនេះ»

បើតាមឯកឧត្តមអភិបាលខេត្តតាកែវ ដើម្បីតបស្នងសងគុណដល់បងប្អូនអតីតៈយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់ជីវភាពអតីតយុទ្ធជនដែលជានិវត្តជន ជនបាត់បង់សមត្ថភាពការងារ និងជនមានពិការភាពតាមរយៈចំណុចអាទិភាពសំខាន់ៗមួយចំនួន គឺសំដៅដល់ ការគិតគូរចំពោះអតីតយុទ្ធជន ដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ ក្នុងនោះរួមមានការកសាងតំបន់ ប្រវត្តិសាស្ត្រយោធា វិមានរំលឹកគុណ និង ស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ នៅតាមទីតាំងប្រវត្តិសាស្ត្រ ជាដើម ដើម្បីជានិមិត្តរូបវត្ថុតាង និងសមិទ្ធផលនានា សម្រាប់ជាថ្នាលបណ្តុះមនសិការ “កតញ្ញូ សុខដុម និងការចូលរួម និងជាមេរៀនសម្រាប់អ្នកជំនាន់ក្រោយចងចាំ រៀនសូត្រ គោរពដឹងគុណអំពីស្ថាបនិក មគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕