ឯកឧត្តម ហែម វណ្ណឌី ដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម ចុះសួរសុខទុក្ខ និងឧបត្ថម្ភកងទ័ពជួរមុខការពារព្រំដែនខេត្តព្រះវិហារ


ខេត្តព្រះវិហារ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ – ឯកឧត្តម ហែម វណ្ណឌី បានដឹកនាំគណៈប្រតិភូក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ចុះសួរសុខទុក្ខកងទ័ពជួរមុខដែលឈរជើងការពារព្រំដែនក្នុងខេត្តព្រះវិហារ។ គណៈប្រតិភូបាននាំយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ និងបានឧបត្ថម្ភថវិកាចំនួន ៥០លានរៀល ជូនដល់កងទ័ពនៅទីបញ្ជាការដ្ឋានអង្គរក្សទិសព្រះវិហារ។

អំណោយដ៏ថ្លៃថ្លានេះរួមមានការបរិច្ចាគរបស់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ, ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់ក្រសួង, ព្រមទាំងការរួមចំណែកពីវិស័យឯកជន។ កាលពីថ្ងៃទី៩ ខែមិថុនា ក្រសួងក៏បាននាំយកអំពូលសូឡាចល័តចំនួន ១.០០០គ្រឿង ប្រគល់ជូនកងទ័ពដែលឈរជើងការពារតំបន់ប្រាសាទព្រះវិហារ និងតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យផងដែរ។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖ “យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាជនកម្ពុជាសូមគោរពកោតសរសរើ និងដឹងគុណចំពោះវីរៈភាព និងការលះបង់របស់កងទ័ពជួរមុខក្នុងការការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។ យើងខ្ញុំឈរនៅជាមួយបងប្អូនជានិច្ច នៅក្នុងបុព្វហេតុជាតិដ៏ឧត្តុងឧត្តមនេះ។”

ឯកឧត្តមបានបន្ថែមថា៖ “ការចុះសួរសុខទុក្ខកងទ័ពនាពេលនេះមិនត្រឹមតែដើម្បីនាំយកនូវជំនួយឧបត្ថម្ភមកជូនកងទ័ពជួរមុខប៉ុណ្ណោះទេ តែជាសារបង្ហាញសាមគ្គីភាពឥតងាករេ ឯកភាពជាតិខ្មែរជាធ្លុងមួយ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។”

ឯកឧត្តមមេបញ្ជាការនៃបញ្ជាការដ្ឋានអង្គរក្ស ទិសព្រះវិហារ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរចុះសួរសុខទុក និងការឧត្ថម្ភគាំទ្រទាំងនេះ ដោយលើកឡើងថា នេះជាការផ្តល់កម្លាំងចិត្តក្នុងពេលវេលាដ៏សំខាន់ ខណៈដែលកងទ័ពជួរមុខកំពុងបំពេញកាតព្វកិច្ចការពារទឹកដី ក្រោមស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន៕