(ភ្នំពេញ)៖ ឯកឧត្តម អើមីនីហ្គីដូ កូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលទើបចប់អាណត្តិ បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងទីម័រខាងកើត ពិតជាមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងសង្គមរបស់ទីម័រខាងកើត ហើយលោកផ្ទាល់តែងតែប្រាប់ទៅកាន់ប្រជាជនទីម័រខាងកើត ថាត្រូវតែដឹងគុណចំពោះកម្ពុជា និងប្រជាជនកម្ពុជាដែលតែងតែគាំទ្រប្រទេសទីម័រខាងកើតនៅគ្រប់កាលៈទេសៈ។
ឯកឧត្តមថ្លែងបែបនេះ ក្នុងឱកាសសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ អនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានរដ្ឋសភានាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥។
សម្តេចអគ្គមហាពញាចក្រី បានគូសបញ្ជាក់ថា កម្ពុជា និងទីម័រខាងកើត មានប្រវត្តិឆ្លងកាត់បទពិសោធន៍ពីអតីតកាលប្រហាក់ប្រហែលគ្នា ទម្រាំទទួលបានឯករាជ្យ បូរណភាពដែនដីពេញលេញ បានដូចសព្វថៃ្ង។ សម្តេចបានកោតសរសើរ លោកឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកជំរុញឱ្យទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែល្អប្រសើរ ហើយទំនាក់ទំនងដ៏ល្អនេះ មិនត្រឹមតែជាឧត្តមប្រយោជន៍ដល់ប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ស្ថិរភាពក្នុងតំបន់ និងសកលផងដែរ ក្នុងពេលដែលសភាពការណ៍សកល មានការប្រែប្រួលមិនទៀងទាត់ដូចសព្វថ្ងៃនេះ។
សម្តេចក៏បានសម្តែងនូវការអបអរសាទរ ដែលសាធារណរដ្ឋទីម័រខាងកើត នឹងក្លាយជាសមាជិកផ្លូវការរបស់អាស៊ាន ចាប់ពីឆ្នាំ២០២៥នេះតទៅ។ កម្ពុជាតែងតែគាំទ្រ ប្រទេសទីម័រខាងកើត ក្លាយទៅជាសមាជិកពេញសិទ្ធទី១១របស់អាស៊ាន រហូតទទួលបានជោគជ័យដូចបំណង។ សម្តេចជឿជាក់ថា សភាទីម័រខាងកើត ក៏នឹងក្លាយជាសមាជិក របស់អន្តរសភាអាស៊ាន(AIPA) ឆាប់ៗផងដែរ។
ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានថ្លែងអំណរគុណចំពោះសម្តេច ដែលអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងជម្រាបលានាឱកាសនេះ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចថា ឯកឧត្តមបានរៀនសូត្រជាច្រើនចេញពីបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជា ជាពិសេសគឺភាពប៉ិនប្រសប់របស់ថ្នាក់ដឹកនាំកម្ពុជា ក្នុងការដឹកនាំប្រទេសជាតិមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពយូរអង្វែង។
ឯកឧត្តម បានសម្តែងនូវការដឹងគុណចំពោះកម្ពុជា ដែលតែងតែគាំទ្រទីម័រខាងកើតនៅក្នុងវេទិកាអន្តរជាតិនានា។ លោកគូសបញ្ជាក់ថា ប្រទេសទីម័រខាងកើត នឹងក្លាយទៅជាសមាជិកផ្លូវការរបស់អាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នាពេលខាងមុខ ហើយជោគជ័យនេះ គឺពុំអាចកើតឡើងទេ ប្រសិនបើគ្មានការគាំទ្រពីកម្ពុជា ទោះបីកម្ពុជាមិនមែនជាប្រទេសស្ថាបនិករបស់អាស៊ានក៏ដោយ។
ឯកឧត្តមបានបន្តថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ទៅកាន់ទីម័រខាងកើត កាលពីពេលថ្មីៗនេះ បានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងយ៉ាងរឹងមាំរវាងប្រទេសទាំងពីរ ដោយប្រជាជនទីម័រខាងកើតគ្រប់ស្រទាប់វណ្ណៈបានអបអរសាទរនិងទទួលស្វាគមន៍ដំណើររបស់សម្តេចតេជោ យ៉ាងគគ្រឹកគគ្រេង និងកក់ក្តៅបំផុត ហើយនៅក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ ឯកឧត្តម ចូសេ រ៉ាម៉ូស ហ័រតា (José Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានបើករថយន្ត និងបំពាក់គ្រឿងឥស្សរិយយសកម្រិតខ្ពស់បំផុតដោយផ្ទាល់ ជូនសម្តេច ហ៊ុន សែន ថែមទៀតផង។
ជាចុងក្រោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកទឹកចិត្តឱ្យ ឯកឧត្តម ឯកអគ្គរដ្ឋទូត នៅតែបន្តជួយជំរុញទំនាក់ទំនងល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ទីម័រខាងកើត ទោះជាត្រូវបញ្ចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជាក៏ដោយ ជាពិសេសគឺជួយជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអាទិភាពមួយចំនួន ដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ឱ្យបានកាន់តែស៊ីជម្រៅថែមទៀត៕