អាជ្ញាធរខេត្តមណ្ឌលគិរី ផ្តល់ពូជស្រូវផ្ការំដួល និងសែនក្រអូប០១ ជាង ២តោន ដល់កសិករចំនួន១២០ គ្រួសារនៅស្រុកកោះញែក


(មណ្ឌលគិរី) ៖ ដើម្បីពង្រឹងការដាំដុះស្រូវឲ្យមានប្រសិទ្ឋភាព និងទទួលបានតម្លៃថ្លៃលើទីផ្សារ អាជ្ញាធរខេត្តមណ្ឌលលគិរី បានផ្តល់​ពូជ​ស្រូវ ពីរប្រភេទដល់បងប្អូនប្រជាកសិករ រស់នៅស្រុកកោះញែក ដែលជាជង្រុកស្រូវដ៏ធំប្រចាំខេត្ត ពិធីនេះបានធ្វើឡើង នារសៀល​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ នៅសាលាឃុំអបួនលើ ស្រុកកោះញែក

ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តមណ្ឌលគិរី​ បានជំរុញឲ្យប្រជាកសិករ​ទាំងអស់ ជាពិសេសប្រជាពលរដ្ឋ​ដែលរស់​នៅ​ក្នុងស្រុកកោះញែក​ យកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល​ដំណាំស្រូវ​ ដោយប្រើប្រាស់ជីធម្មជាតិ​ ឬរៀនផលិតជីកំប៉ុស​ខ្លួនឯងសម្រាប់​ប្រើប្រាស់ កាត់បន្ថយប្រើជីគីមី​ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព​ មិនត្រឹមប៉ុណ្ណោះក៏បានជួយសន្សំសំចៃលើការចំណាយ។ ក្រៅពីដំណាំស្រូវ ឯកឧត្តម​ អភិបាលខេត្ត​ បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ ​បង្កើនផ្ទៃដីដាំដុះ​ ចៀសវាងទុកដីទំនេរចោល​ ដាំដំណាំ​ឈើហូបផ្លែ​ បន្លែ​ ចិញ្ចឹមសត្វ​​ សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃក្នុងគ្រួសារ ដោយអាចទទួលបានចំណីអាហារសុវត្ថិភាព ហើយក៏អាចជួយ​ឲ្យប​ងប្អូនប្រជាកសិករ​ យកផលដំណាំដែលដាំដុះ​​ ហូបមិនអស់លក់បានកម្រៃបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាព។

លោក​ សី​ ទូច​ អភិបាលស្រុកកោះញែក​ បានថ្លែងអំណរគុណដល់ឯកឧត្តម អភិបាល​ខេត្ត​ ដែលបានគិតគួរពីសុខទុក្ខ​ប្រជាពលរដ្ឋ​ គ្រប់​ច្រកល្ហក​ ឆ្លៀតពេលដ៏មានតម្លៃ​ អញ្ជើញចែកពូជស្រូវជូនដល់ប្រជាកសិករនៅ ឃុំអបួនលើនេះ។ លោក បញ្ជាក់ថា ស្រុក​កោះញែក បច្ចុប្បន្នមានផ្ទៃដី​ ដាំដុះស្រូវចំនួន​ ២៦.៥០៩ហិកតា ​ក្នុងនោះស្រូវស្រាល មានចំនួន ជាង១ម៉ឺន ៣ពាន់ហិកតា ស្រូវកណ្ដាលជាង ៧ពាន់ហិកតា​ និងស្រូវធ្ងន់ ជាង ៥ពាន់ហិកតា។

តាមរបាយការណ៍របស់លោក​ សុង​ ឃាង​ ប្រធានមន្ទីរ​កសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទខេត្តមណ្ឌលគិរី​ បានឲ្យដឹងថា​ មន្ទីរកសិកម្មបាន​សហការជាមួយរដ្ឋបាលខេត្ត រៀបចំចែកពូជស្រូវផ្ការំដួល និងសែនក្រអូប០១ សរុបចំនួន ២៤០០គីឡូក្រាម ដើម្បីចែកជូនដល់ កសិករ ចំនួន ១២០ គ្រួសារ នៅក្នុងឃុំអបួរលើ ស្រុកកោះញែក ដែលក្នុងមួយគ្រួសារ ទទួលបានចំនួន ២០គីឡូក្រាម ចំណែកការងារដាំ​ដុះ​ស្រូវ​វស្សា អនុវត្តបានសរុបជាង ១ម៉ឺន ៦ពាន់ហិកតា កើនលើសឆ្នាំមុនជាង ៣ពាន់ហិកតា៕