អភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀង​រវាង​ខេត្តស្វាយរៀង​ ជាមួយអង្គការ Go And Do International ស្តីពីកិច្ចសហប្រតិបត្តិការសុខុមាលភាពសង្គម​


នាព្រឹកថ្ងៃព្រហស្បតិ៍១កេីត​ ខែអាសាឍ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស២៥៦៩​ ត្រូវនឹងថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​នេះ​ ឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាល​ នៃគណៈអភិបាលខេត្តស្វាយរៀង​ និងតំណាង​អង្គការ Go And Do International បានអញ្ជេីញជាអធិបតីក្នុងពិធីចុះកិច្ចព្រមព្រៀង​រវាង​ខេត្តស្វាយរៀង​ ជាមួយអង្គការ Go And Do International ស្តីពីកិច្ចសហប្រតិបត្តិការសុខុមាលភាពសង្គម​ ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកអភិបាលរងខេត្ត,លោកនាយករងរដ្ឋបាលសាលាខេត្ត,លោកស្នងការរងនគរបាលខេត្ត លោកប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ,លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត,លោកនាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត,លោក​នាយកទីចាត់ការហិរញ្ញវត្ថុសាលាខេត្ត ព្រមទាំងប្រតិភូអង្គការ Go And Do International​ ជាច្រើន​រូបទៀត។
មានមតិស្វាគមន៍ទៅកាន់ពិធីនេះ​ ឯកឧត្តមបានលេីកឡេីងអំពីទីតាំងភូមិសាស្ត្រ និងសក្កានុពលនានាដែលរដ្ឋបាលខេត្តស្វាយរៀងសម្រេចបាន​ និងបានសម្ដែងនូវការស្វាគមន៍ យ៉ាងកក់ក្តៅចំពោះអង្គការ Go and Do International ដែលរៀបចំពិធីចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ​ ជាមួយខេត្តស្វាយរៀង​ ដែលនឹងនាំមកនូវផលប្រយោជន៍​ ដោយឈរលើស្មារតីសហប្រតិបត្តិការ មិត្តភាព និងការអភិវឌ្ឍ ក្នុងលើកកម្ពស់សុខុមាលភាពសង្គម រួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា​ ក្នុងការកាត់បន្ថយការប៉ះពាល់ទាំងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ដែលបណ្ដាលមកពីគ្រោះមហន្តរាយនានាទៅលើប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។
កិច្ចព្រមព្រៀងនេះត្រូវបានរៀបចំក្នុងគោលបំណងដើម្បីបង្កើតឡើងនូវកិច្ចសហប្រតិបត្តិការសម្រាប់ការអនុវត្តគម្រោងរួមគ្នារវាងខេត្តស្វាយរៀង និងអង្គការ Go and Do International ដែលជាអង្គការមិនមែនរដ្ឋាភិបាល និងមិនស្វែងរកប្រាក់ចំណេញ និងធ្វើប្រតិបត្តិការលើគម្រោងស្ដីពី «ការបរិច្ចាគរថយន្តពន្លត់អគ្គិភ័យដោយឥតគិតថ្លៃដល់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍» និង «ការបណ្តុះបណ្តាលបច្ចេកទេសពន្លត់អគ្គិភ័យ» នៅសាធារណរដ្ឋកូរ៉េ​ ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។